លោក ត្រាំ គ្រោងចាប់ផ្តើមយកពន្ធលើការនាំចូលរថយន្ត ចាប់ពីខែមេសា តទៅ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានប្រកាសឲ្យដឹងថា ពន្ធលើរថយន្តនាំចូលអាចនឹងត្រូវដាក់ចាប់ពីថ្ងៃទី២ ខែមេសា តទៅ។ នេះបើតាមការចុះផ្សាយពីសសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញប្រកាសនេះ ត្រូវបានធ្វើឡើង អំឡុងពេលលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយចំនួននៅការិយាល័យ Oval កាលពីថ្ងៃទី១៤ ខែកុម្ភ: ប៉ុន្តែហាក់មិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមជុំវិញផែនការពន្ធគយថ្មីនេះនោះឡើយ។

លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយចំពោះរបៀបដែលទីផ្សារបរទេសបានប្រព្រឹត្តិដោយអយុត្តិធម៌លើការនាំចេញរថយន្តរបស់អាមេរិក។ ជាឧទាហរណ៍ សហភាពអឺរ៉ុប បានដាក់ពន្ធ ១០% លើរថយន្តនាំចូល ពោលគឺខុសគ្នាដល់ទៅ ៤ដង នៃអត្រាពន្ធ ២,៥% ដែលសហរដ្ឋអាមេរិកដាក់ពន្ធលើរថយន្តដឹកអ្នកដំណើរដែលនាំចូល។ ហើយសហរដ្ឋអាមេរិក ដាក់ពន្ធតែ ២៥% ប៉ុណ្ណោះលើរថយន្តភីកអាប់ដែលបាននាំចូលជាផ្នែកដែលទទួលបានប្រាក់ចំណេញខ្ពស់។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគនិយាយថា ការប្រកាសយកពន្ធគយថ្មីលើរថយន្ត រួមជាមួយនឹងផែនការពន្ធពីមុនលើទំនិញកាណាដា និងម៉ិកស៊ិក អាចជាមធ្យោបាយមួយសម្រាប់លោក ត្រាំ ក្នុងការដាក់សម្ពាធ ដើម្បីឲ្យមានការចាប់ផ្តើមចរចាឡើងវិញនូវកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលលោកធ្លាប់ហៅថាជា “កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យបំផុតមិនធ្លាប់មាន”។

គួរឲ្យដឹងថា ឧស្សាហកម្មរថយន្តពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលរួមបញ្ចូលគ្នាយ៉ាងខ្លាំង។ ជារៀងរាល់សប្តាហ៍ ទំនិញដែលមានតម្លៃរាប់សិបពាន់លានដុល្លារ រួមទាំងរថយន្ត គ្រឿងម៉ាស៊ីន ប្រអប់លេខ និងគ្រឿងបន្លាស់ផ្សេងទៀត ត្រូវបានដឹកជញ្ជូនពីប្រទេសកាណាដា និងម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ខណៈទំនិញតម្លៃរាប់ពាន់លានដុល្លារទៀត ត្រូវបាននាំចូលពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ចិន។

ជាមួយគ្នានេះ លោក ម៉ាត់ ប្លាន់ (Matt Blunt) ប្រធានក្រុមប្រឹក្សាគោលនយោបាយរថយន្តអាមេរិក (AAPC) ដែលជាអង្គភាពតំណាងឲ្យផលប្រយោជន៍របស់ក្រុមហ៊ុន Ford, General Motors និង Stellantis បាននិយាយថាលោក នៅមិនបានទទួលព័ត៌មានលម្អិតណាមួយអំពីផែនការពន្ធរថយន្តថ្មីរបស់ប្រធានាធិបតី លោក ត្រាំ នៅឡើយទេ។ លោកបាននិយាយទៀតថា ក្រុមហ៊ុន Ford, GM និង Stellantis បន្តជឿជាក់ថា យានយន្ត និងគ្រឿងបន្លាស់រថយន្តដែលបំពេញតាមតម្រូវការរបស់កិច្ចព្រមព្រៀង USMCA មិនគួរទទួលរងនូវការដាក់ពន្ធបន្ថែមនោះទេ។

ជម្រាបជូនថា ការប្រកាសយកពន្ធលើរថយន្តនាំចូល គឺជាវិធានការចុងក្រោយបង្អស់នៃវិធានការពាណិជ្ជកម្មដ៏ក្តៅគគុកដែលលោក ត្រាំ បានប្រកាសចេញ ចាប់តាំងពីចូលកាន់តំណែងក្នុងអាណត្តិទីពីររបស់ខ្លួនមក។ គិតរហូតមកដល់ពេលនេះ សេតវិមានបានប្រកាសពន្ធបន្ថែម ១០% លើការនាំចូលទំនិញទាំងអស់ពីប្រទេសចិន។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានប្រកាសពន្យារពេលមួយខែ ចំពោះការយកពន្ធ ២៥% លើទំនិញពីម៉ិកស៊ិក និងកាណាដា។ ហើយបានកំណត់យកថ្ងៃទី១២ ខែមីនាខាងមុខ សម្រាប់ការដាក់ពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូម ពីគ្រប់ប្រទេសទាំងអស់ ផងដែរ៕