ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់សហរដ្ឋអាមេរិក General Motors (GM) កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ខ្លួនកំពុងបិទរោងចក្រធំមួយ នៅទីក្រុង Shenyang ភាគឦសាននៃប្រទេសចិន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន GM ដែលនឹងត្រូវបិទឈប់ដំណើរនេះ កំពុងផលិតរថយន្តខ្នាតតូច ដូចជា Buick GL8 និងរថយន្ត Chevrolet Tracker SUV សម្រាប់ទីផ្សារប្រទេសចិន។
ក្រុមហ៊ុន GM កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីក្រុមហ៊ុនគូប្រជែងក្នុងស្រុកសុទ្ធសឹងតែទទួលបានការគាំទ្រជាពិសេស ដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដើម្បីកាន់កាប់ទីផ្សារ។
នៅក្នុងត្រីមាសទី៤ ក្រុមហ៊ុន GM បានរាយការណ៍ថា អាចនឹងត្រូវចំណាយទឹកប្រាក់ដល់ទៅ ៤ពាន់លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏រាប់បញ្ចូលទាំងការបិទរោងចក្រ ផងដែរ។
ទន្ទឹមនឹងនេះ ក្នុងអំឡុងចូលរួមសន្និសិទរថយន្តនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន GM លោកស្រី Mary Barra បាននិយាយថា ចាប់ពីពេលនេះទៅក្រុមហ៊ុន GM នៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក នឹងងាកមកផ្តោតតែលើការលក់រថយន្ត Cadillac និងBuick ដែលផលិតនៅទីនោះ និងម៉ូដែលនាំចូលមួយចំនួនទៀត។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន GM បច្ចុប្បន្ន កំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុក SAIC Motors ដើម្បីផលិតរថយន្តសម្រាប់ម៉ូដែលពេញនិយមដូចជា Buick, Chevrolet និង Cadillac នៅក្នុងប្រទេសចិន៕