ក្រុមហ៊ុនអាវកាសរបស់មហាសេដ្ឋី Jeff Bezos ប្រកាសជម្រុះបុគ្គលិកចេញដល់ទៅ ១ ០០០ នាក់

អន្តរជាតិ

ក្រុមហ៊ុនអាវកាស Blue Origin របស់មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos កាលពីពេលថ្មីៗនេះ កំពុងបញ្ឈប់បុគ្គលិករបស់ខ្លួនប្រហែល ១០% ពោលគឺស្មើទៅនឹងចំនួនប្រមាណ ១ ០០០ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពពីសារព័ត៌មាន CNN និង The New York Times បានបង្ហាញឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Blue Origin លោក Dave Limp បានប្រកាសពីការកាត់បន្ថយនេះ តាមរយ:ការ​ផ្ញើ​អ៊ីមែលទៅកាន់បុគ្គលិកដែលត្រូវបញ្ឈប់ចេញពីការងារ ដោយផ្ទាល់។

គួរឲ្យដឹងផងដែរថា ជុំវិញការកាត់បន្ថយនេះ នឹងប៉ះពាល់ដល់បុគ្គលិកផ្នែកវិស្វកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងគម្រោង និងអ្នកគ្រប់គ្រងទូទៅ ផងដែរ។

Blue Origin បច្ចុប្បន្នត្រូវបានគេរាយការណ៍ថាមានបុគ្គលិកសរុបប្រហែល ១០ ០០០ នាក់ ដូច្នេះ​ការ​បញ្ឈប់​ការងារ​​ចុងក្រោយនេះ អាចនឹងត្រូវកាត់បន្ថយចំនួនបុគ្គលិកសរុបរបស់ខ្លួនដល់ទៅ ១០% ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

ទន្ទឹមនឹងនេះ លោក Dave Limp បាននិយាយថា ៖”ក្រុមហ៊ុនរបស់យើង ទទួលបានភាពរីកចម្រើន និងជួលបុគ្គលិកថ្មីៗជាច្រើនមិនគួរឲ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាមួយនឹងការរីកចម្រើននោះ បាននាំមកនូវកន្លែងទំនេរៗនៅក្នុងការិយាល័យកាន់តែច្រើន ដូច្នេះវាបានធ្វើឲ្យមានការផ្តោតអារម្មណ៍តិចជាងអ្វីដែលយើងត្រូវការ”។ លោក Dave បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនមានភាពចាំបាច់ដើម្បីរៀបចំតួនាទីរបស់បុគ្គលិកឡើងវិញ ដើម្បីអនុវត្តអាទិភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ជម្រាបជូនថា លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Blue Origin ឡើងក្នុងឆ្នាំ២០០០ ពោលមុនពេលមហាសេដ្ឋី Elon Musk បានបង្កើតក្រុមហ៊ុន SpaceX នៅពីរឆ្នាំក្រោយ។ មហាសេដ្ឋីកំពូលរបស់ពិភពលោកទាំងពីរ បាននិយាយថា ពួកគេសុទ្ធសឹងតែមានគោលបំណងធំដូចគ្នា ពោលគឺចង់ជួយមនុស្សជាតិយល់ដឹងកាន់តែច្បាស់បន្ថែមទៀត នៅក្នុង​​ទី​លំហ​​អាកាស៕