ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Nissan បានប្រកាសពីផែនការក្នុងការបិទរោងចក្រធំមួយ ក្នុងចំណោមរោងចក្រផលិតរថយន្តចំនួនពីររបស់ខ្លួន នៅប្រទេសថៃ ក្នុងឆ្នាំនេះ បន្ទាប់ពីកិច្ចពិភាក្សាច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda ត្រូវបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញការប្រកាសនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូដែលមានតម្លៃរហូតដល់ទៅ ៦០ពាន់លានដុល្លារ ត្រូវបានលុបចោល ខណ:ក្រុមហ៊ុន Nissan មានគម្រោងក្នុងការកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ខ្លួន តាមរយៈការគ្រប់គ្រងការចំណាយ ការកាត់បន្ថយកម្លាំងពលកម្ម និងការបិទរោងចក្រ ជាដើម។
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន រំពឹងថាការកាត់បន្ថយ ឬការផ្ទេរការងារប្រហែល ១ ០០០ កន្លែង អាចនឹងកើតឡើង នៅក្នុងប្រទេសថៃ តាមរយ:ការបិទរោងចក្រធំមួយរបស់ខ្លួន នៅក្នុងខេត្ត Samut Prakan នៅឆ្នាំនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida បាននិយាយថា ការផ្លាស់ប្តូរនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការចំណាយ កំណើនប្រាក់ចំណូល និងការប្រកួតប្រជែង ដើម្បីបំពេញតម្រូវការអតិថិជន។
ដោយចាប់ផ្តើមពីរោងចក្រនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក ការបិទរោងចក្រនេះ អាចនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុន Nissan ចំនួន ៦ ៥០០ នាក់ ក្នុងចំណោមចំនួនការងារសរុបចំនួន ៩ ០០០ នាក់ ដែលបានគ្រោងទុក។
ជម្រាបជូនផងដែរថា ជុំវិញផែនការចុងក្រោយនេះ អាចនឹងកាត់បន្ថយសមត្ថភាពផលិតកម្មសកលរបស់ក្រុមហ៊ុន Nissan ចំនួន ២០% ពី ៥ លានគ្រឿងក្នុងពេលបច្ចុប្បន្ន មកនៅត្រឹម ៤ លានគ្រឿង នៅឆ្នាំសារពើពន្ធ២០២៦ ខាងមុខ៕