យោងតាមការចុះផ្សាយពីកាសែត Financial Times បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុន Honda មានឆន្ទៈក្នុងការបន្តការចរចារឡើងវិញលើការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Nissan ដើម្បីបង្កើតជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៤ របស់ពិភពលោក ប្រសិនបើនាយកប្រតិបត្តិរបស់ Nissan លោក Makoto Uchida ចុះចេញពីតំណែង។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ការចរចាប្របាច់បញ្ចូលគ្នារវាង Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុន និង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុនធំបំផុតទីបី ត្រូវបានបរាជ័យ ដែលបានធ្វើឲ្យកិច្ចព្រមព្រៀងមួយដែលត្រូវបានគេរំពឹងទុកថាមានតម្លៃរហូតដល់ទៅ ៦០ពាន់លានដុល្លារ ត្រូវបានរំសាយចោលវិញ។
ការរំសាយចោលកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យក្រុមហ៊ុន Nissan ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ថែមទៀត ចំពេលក្រុមហ៊ុនជប៉ុន កំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីសំណាក់គូប្រជែងរបស់ចិន នៅក្នុងឧស្សាហកម្មនេះរួចទៅហើយ។
ប៉ុន្តែទោះជាយ៉ាងណា យោងតាមរបាយការណ៍របស់ FT បាននិយាយកាលពីថ្ងៃចន្ទថា Honda មានឆន្ទៈក្នុងការចរចារឡើងវិញ ប្រសិនបើនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បច្ចុប្បន្ន លោក Makoto Uchida ចុះចេញពីតំណែងនោះ។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា លោក Uchida បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការបន្តដឹកនាំក្រុមហ៊ុនរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែបច្ចុប្បន្នរូបលោក កំពុងប្រឈមមុខនឹងសម្ពាធក្នុងការចុះចេញពីតំណែង នៅក្នុងប៉ុន្មានខែខាងមុខនេះ ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងដៃគូក្រុមហ៊ុនផ្សេងទៀត បន្ទាប់រូបលោកបានដឹកនាំការចរចាមិនទទួលបានលទ្ធផល។
យោងតាមរបាយការណ៍ពី FT បាននិយាយទៀតថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nissan ក៏បានចាប់ផ្តើមការពិភាក្សាក្រៅផ្លូវការទាក់ទងនឹងពេលវេលានៃការចាកចេញរបស់លោក Uchida រួចរាល់ហើយ ផងដែរ៕