ក្រុមហ៊ុមថាមពលរដ្ឋរបស់ឥណ្ឌា NTPC បានបង្ហាញឲ្យដឹងថា ខ្លួនកំពុងសម្លឹងរកមើលការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលអាចមានសមត្ថភាពផលិតអគ្គិសនីសរុប ៣០ ជីហ្គាវ៉ាត់ (GW) ក្នុងរយ:ពេលពីរទសវត្សខាងមុខ ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៦២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា NTPC ដែលជាក្រុមហ៊ុនផលិតថាមពលកំពូលរបស់ប្រទេសឥណ្ឌា និងភាគច្រើនដំណើរការរោងចក្រអគ្គិសនីដោយប្រើថាមពលធ្យូងថ្មនោះ បច្ចុប្បន្នកំពុងស្វែងរកដីសម្រាប់ផែនការដ៏ធំមួយនេះ។
គួរឲ្យដឹងផងដែរថា ដំបូងឡើយ NTPC បានកំណត់គោលដៅ ក្នុងការផលិតអគ្គិសនីពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានកម្លាំងត្រឹម ១០ GW ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានបង្កើនគោលដៅរបស់ខ្លួនដល់ទៅបីដង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា នៅក្នុងខែនេះ បានប្រកាសពីផែនការបើកឱកាសសម្រាប់វិស័យនុយក្លេអ៊ែរ ដល់ការវិនិយោគបរទេស និងឯកជន។
ប្រភពមិនបានបញ្ចេញឈ្មោះមួយរូប បាននិយាយថា ៖”NTPC គ្រោងនឹងដឹកនាំផែនការថាមពលនុយក្លេអ៊ែររបស់ប្រទេសឥណ្ឌា ដូចដែលក្រុមហ៊ុនបានធ្វើនៅក្នុងវិស័យថាមពលដែលដំណើរការដោយកម្តៅ។ ទីតាំងដែលបានកំណត់សម្រាប់គម្រោងនេះ កំពុងធ្វើកិច្ចសន្យា និងរក្សាសក្តានុពលសម្រាប់ការបន្ថែមសមត្ថភាពផលិតថាមពលទ្រង់ទ្រាយធំ”។
គួរឲ្យដឹងថា ប្រទេសឥណ្ឌា បានប្តេជ្ញាថានឹងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនី ឲ្យបាន ៥០០ GW នៃប្រភបថាមពលមិនមែនឥន្ធន:ហ្វូស៊ីល នៅឆ្នាំ២០៣០ ហើយចង់មានថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ ១០០ GW នៅឆ្នាំ២០៤៧។
ជម្រាបជូនថា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌា NPCI បច្ចុប្បន្ន គឺជាប្រតិបត្តិករតែមួយគត់ដែលមានរោងចក្រផលិតអគ្គិសនីចេញពីថាមពលនុយក្លេអ៊ែរ ជាមួយនឹងសមត្ថភាពជិត ៨ GW ប៉ុន្តែពួកគេចង់បង្កើនឲ្យដល់ ២០ GW នៅឆ្នាំ២០៣២ ខាងមុខ៕