លោក ដូណាល់ ត្រាំ គ្រោងដាក់ពន្ធ ២៥% ទៅលើការនាំចូលរថយន្ត បន្ទះឈីប និងឱសថ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភ:កន្លងទៅ បានប្រកាសថាលោកមានបំណងដាក់ពន្ធ ២៥% ទៅលើការនាំចូលរថយន្ត ក៏ដូចជាពន្ធស្រដៀងគ្នានេះ ទៅលើបន្ទះឈីប និងឱសថ នាំចូលផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា លោកនឹងចាប់ផ្តើមយកពន្ធគយលើរថយន្តនាំចូល ចាប់ពីថ្ងៃទី២ ខែមេសា តទៅ ពោល​គឺត្រឹម ១ថ្ងៃប៉ុណ្ណោះ ​បន្ទាប់ពី​គណៈរដ្ឋមន្ត្រីរបស់លោក​ចេញ​របាយការណ៍ជូនលោកស្ដីអំពីជម្រើស​ពន្ធនាំចូល​ផ្សេងៗ ក្នុងគោលបំណងដើម្បីស្វែងរកការផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោក ឡើងវិញ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ដោយបន្ថែមពីលើពន្ធគយរថយន្ត លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅឯរីស៊ត Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida ថា ពន្ធគយថ្មីបន្ថែមទៀតទៅលើឱសថ និងបន្ទះឈីប semiconductor អាចស្ថិតនៅកម្រិត ២៥% ឬខ្ពស់ជាងនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្តើមយកពន្ធគយទៅលើទំនិញទាំង២ នេះនៅឡើយទេ ដោយបាននិយាយថា លោកចង់ផ្តល់ពេលវេលាខ្លះសម្រាប់ក្រុមហ៊ុនផលិតឱសថ និងបន្ទះឈីប ដើម្បីមកងាកមកបង្កើតរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ដូច្នេះពួកគេអាចចៀសវាងវិធានការពន្ធគយនេះបាន។

ជម្រាបជូនផងដែរថា ជុំវិញវិធានការពន្ធគយថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានបង្ហាញការខកចិត្តអស់រយ:ពេលជាយូរមកហើយ ទៅនឹងអ្វីដែលលោកបានហៅថាជាការប្រព្រឹត្តិដោយអយុត្តិធម៌ ចំពោះការនាំចេញរបស់សហរដ្ឋអាមេរិក នៅក្នុងទីផ្សារបរទេស៕