Tesla ចាប់ផ្តើមជួលបុគ្គលិកនៅឥណ្ឌា បន្ទាប់ពីជំនួបរវាងលោក Musk និងប្រធានាធិបតីលោក Modi

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla កាលពីពេលថ្មីៗនេះ​បានចាប់ផ្តើមជួលបុគ្គលិកនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមហាសេដ្ឋី Elon Musk បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីបញ្ចប់ជំនួបដ៏កម្រនេះ ក្រុមហ៊ុន Tesla បានប្រកាសជ្រើសរើសបុគ្គលិកច្រើនជាង ១០ កន្លែងនៅលើគេហទំព័រផ្លូរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដោយក្នុងនោះរួមមានការងារជាអ្នកគ្រប់គ្រងទីតាំងដាក់បង្ហាញរថយន្ត និងអ្នកជំនាញបច្ចេកទេសសេវាកម្ម ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Tesla ក៏បានជ្រើសយកទីតាំងសម្រាប់កន្លែងតាំងបង្ហាញរថយន្ត (Showroom) ចំនួន២ នៅក្នុងទីក្រុង New Delhi និងទីក្រុង Mumbai ផងដែរ ដែលនេះត្រូវបានចាត់ទុកថាជា​ជំហាន​ថ្មីមួយ ដើម្បីបញ្ចប់ការពន្យារពេលដ៏យូររបស់ខ្លួន ក្នុងការនាំយករថយន្តអគ្គិសនីខ្នាតយក្សអាមេរិក ទៅលក់នៅក្នុងទីផ្សារ ប្រទេសឥណ្ឌា។

ជុំវិញការប្រកាសនេះ​ ត្រូវបានធ្វើឡើង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន និងបានពិភាក្សាអំពីបញ្ហានេះ ក្នុងនោះរួមទាំងទីតាំង, ចល័តភាព និងបច្ចេកវិទ្យាផងដែរ។

Tesla បានជ្រើសយកទីតាំងនៅតំបន់ Aerocity ជិតអាកាសយានដ្ឋានអន្តរជាតិ New Delhi សម្រាប់ការដាក់ទីតាំងតាំងបង្ហាញរថយន្ត EV របស់ខ្លួន។ ចំណែកនៅទីក្រុង Mumbai វិញ ក្រុមហ៊ុននេះ បានជ្រើសយកទីតាំងក្នុងមជ្ឈមណ្ឌលអាជីវកម្ម និងលក់រាយ Bandra Kurla Complex ជិតអាកាសយានដ្ឋានរបស់ទីក្រុងផងដែរ។ យ៉ាងណាក៏ដោយ ចំពោះពេលវេលានៃការបើកទីតាំងតាំងបង្ហាញនេះ នៅមិនទាន់មានការសម្រេចនៅឡើយទេ, ប៉ុន្តែ Tesla គ្រោងនឹងលក់រថយន្តអគ្គិសនីដែលនាំចូល នៅក្នុងប្រទេសឥណ្ឌា។

ជម្រាបជូនផងដែរថា កន្លងមក លោក Musk បានរិះគន់ទៅលើប្រទេសឥណ្ឌា អស់រយ:ពេលជាយូរមកហើយ ចំពោះការយកពន្ធនាំចូលខ្ពស់កប់ពពក ដោយទៅ ១០០% លើរថយន្តអគ្គិសនី។ Tesla បានបញ្ចុះបញ្ចូលម្តងហើយម្តងទៀត ឲ្យមានការបន្ធូរបន្ថយពន្ធចំពោះពួកគេ ប៉ុន្តែបានប្រឈមនឹងការតវ៉ាពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដែលគិតថាការចូលរបស់ Tesla អាចនឹងប៉ះពាល់ដល់ផែនការរថយន្តអគ្គិសនីរបស់ពួកគេ៕