ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យក្រសួងយុត្តិធម៌បញ្ចប់តំណែងរបស់រដ្ឋអាជ្ញាសហព័ន្ធ ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ចោលទាំងអស់ ក្រោមហេតុផលបោសសម្អាតទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយកាលពីថ្ងៃទី១៨ ខែកុម្ភៈថា ៖” ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ក្រសួងយុត្តិធម៌កាន់តែសិទ្ធិអំណាចខ្លាំងនៅក្នុងនយោបាយ ជាងពេលមុនៗ។ ដូច្នេះហើយ ខ្ញុំបានបញ្ជាឲ្យដកតំណែងរដ្ឋអាជ្ញាសហព័ន្ធទាំងអស់ ដែលនៅសេសសល់ពីរដ្ឋបាលលោក ចូ បៃដិន”។
គួរឲ្យដឹងផងដែរថា រដ្ឋអាជ្ញាសហព័ន្ធ គឺជាមន្ត្រីអនុវត្តច្បាប់កំពូលនៅក្នុងតុលាការសហព័ន្ធនីមួយៗ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក មានរដ្ឋអាជ្ញាសហព័ន្ធចំនួន ៩៣ រូបដែលតំណាងឲ្យទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធចំនួន ៩៤ ប្រចាំនៅរដ្ឋនីមួយៗ នៅទូទាំងប្រទេស។
ជាប្រពៃណី រដ្ឋអាជ្ញាសហព័ន្ធអាមេរិកដែលត្រូវបានតែងតាំងដោយរដ្ឋបាលប្រធានាធិបតីអាណត្តិចាស់ នឹងត្រូវចាកចេញពីតំណែងរបស់ពួកគេ នៅពេលដែលរដ្ឋបាលថ្មីចូលកាន់តំណែង ប៉ុន្តែជារឿយៗពួកគេត្រូវបានគេស្នើសុំឲ្យលាលែងពីតំណែង ជាជាងការបណ្តេញចេញដោយពាក្យសម្តីអាក្រក់។
ជម្រាបជូនផងដែរថា ក្រសួងយុត្តិធម៌ គឺជាគោលដៅដ៏ធំមួយនៃការផ្លាស់ប្តូរជាបន្តបន្ទាប់ ចាប់តាំងពី លោក ត្រាំ ចូលកាន់តំណែងមក ដោយមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ត្រូវបានបណ្តេញចេញ ទម្លាក់តំណែង ឬត្រូវតែងតាំងឡើងវិញ៕