លោក Wang Chuanfu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD បាននិយាយនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិរបស់ប្រទេសចិន CCTV ថា រថយន្តអគ្គិសនីរបស់ប្រទេសចិន គឺមានការអភិវឌ្ឍលឿនជាងដៃគូប្រជែងនានានៅលើពិភពលោក ៣-៥ឆ្នាំឯណោះ ទាក់ទងទៅនឹងផលិតផល បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំដ៏កម្របំផុតមួយ រវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាមួយនឹងមេដឹកនាំក្រុមហ៊ុនកំពូលៗ នៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។ ស្របពេលលោក Wang Chuanfu ក៏ស្ថិតក្នុងចំណោមមេដឹកនាំក្រុមហ៊ុនអាជីវកម្មផ្សេងទៀតដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ ផងដែរ។
ជាការកត់សម្គាល់ នៅឆ្នាំ២០២៣ កន្លងទៅ ប្រទេសចិន បានវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាអ្នកនាំចេញរថយន្តធំជាងគេបំផុតលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហាក់បានប្រឈមនឹងការរឹតបន្តឹងពន្ធយ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាពិសេស EU បានដាក់ពន្ធរហូតដល់ទៅ ១៧% ទៅលើរថយន្តអគ្គិសនី BYD ។
ប៉ុន្តែទោះជាយ៉ាង ដោយថ្លែងប្រាប់ទៅកាន់ Yuyuan Tantian ដែលជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋចិន CCTV លោក Wang បាននិយាយថា គោលនយោបាយគាំពារនិយមមិនមែនជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ផលិតផលដែលមានគុណភាពនោះទេ។ លោកបានបន្ថែមទៀតថា មតិរបស់អ្នកប្រើប្រាស់ជាវិជ្ជមាន គឺជាកម្លាំងជំរុញចិត្តដ៏ធំសម្រាប់ក្រុមហ៊ុន ឲ្យយកជ័យជម្នះរាល់ការលំបាកផ្សេងៗ។
ជម្រាបជូនផងដែរថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន BYD អាចបំបែកកំណត់ត្រាលក់របស់ខ្លួន ហើយស្ទើតែអាចវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក Tesla ផងដែរ ទាក់ទងនឹងការលក់រថយន្ត EV ប្រចាំឆ្នាំ។ ការលក់សរុបរបស់ BYD ក្នុងឆ្នាំ២០២៤ បានឈានដល់កំណត់ត្រា ៤,២៧ លានគ្រឿង ពោលគឺបានកើនឡើង ៤១,២% ធៀបទៅនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀត ក៏ធ្វើបានល្អផងដែរ ទោះបីជាពួកគេប្រឈមមុខនឹងផលវិបាកនៃសង្គ្រាមតម្លៃក៏ដោយ។ ឧទាហរណ៍ ដូចជាក្រុមហ៊ុន Geely Group បានបង្កើនការលក់របស់ខ្លួន ៣២% ដល់ចំនួនសរុប ២,១៨ លានគ្រឿង ខណ:ក្រុមហ៊ុន Leapmotor បង្កើនការលក់ទ្វេដង៕