លោក ត្រាំ ផ្ទុះសង្គ្រាមពាក្យសម្តីជាមួយមេដឹកនាំអ៊ុយក្រែន ក្រោយហៅ Zelenskyy ថាជាជនផ្តាច់ការ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ថាជា “ជនផ្តាច់ការ” កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភ: ដោយថែមទាំងបានព្រមានទៀតថា លោក Zelenskyy គួរតែចូលតុចរចាស្វែងរកសន្តិភាពឲ្យបានលឿន បើមិនចង់បាត់បង់ប្រទេសខ្លួនទាំងមូលទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ៖”គ្រាន់តែគិតទៅ តារាកំប្លែងដែលបរាជ័យរូបនេះ បានបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឲ្យផ្តល់ជំនួយប្រមាណ ៣៥០ពាន់លានដុល្លារដល់គាត់ ដើម្បីចូលទៅក្នុងសង្រ្គាមដែលមិនមានសង្ឃឹមថាអាចឈ្នះបាន និងជាសង្គ្រាមដែលមិនគួរតែកើតឡើងទាល់តែសោះ” ។

​លោកត្រាំ បានសរសេរបន្ថែមទៀតថា ៖ “​មេដឹកនាំ​ផ្តាច់ការ​ដែល​មិន​បាន​ជាប់​ឆ្នោត Zelenskyy គួរតែជ្រើសរើសចូលតុចរចាដើម្បីស្វែងរកសន្តិភាពឲ្យបានលឿន បើ​មិន​ដូច្នេះ​ទេ​គាត់​នឹង​មិន​មាន​ប្រទេស​រស់នៅទៀត​ទេ​​។ Zelenskyy បានព្យាយាម​បដិសេធ​មិន​រៀបចំ​ការ​បោះឆ្នោត នៅ​អ៊ុយក្រែន ហើយ​រឿង​តែ​មួយ​គត់​ដែល​គាត់​ពូកែ​គឺ​ការអែបអបអតីតប្រធានាធិបតីលោក បៃដិនប៉ុណ្ណោះ”។

គួរឲ្យដឹងផងដែរថា ជុំវិញការការបង្ហោះបែបនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរិះគន់អ៊ុយក្រែន ជុំវិញការដកខ្លួនចេញរបស់លោក Zelenskyy ពីការពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅប្រទេសអារ៉ាប៊ីសាអូឌីត។

សង្រ្គាមពាក្យសម្ដីរវាងលោក ត្រាំ និងលោក Zelenskyy បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានអះអាងថាអ៊ុយក្រែនជាអ្នកបង្កឲ្យមានការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ២០២២ ហើយជាការឆ្លើយតបវិញ លោក Zelenskyy បាននិយាយថាលោក ត្រាំ កំពុងរស់នៅក្នុងពិភពនៃព័ត៌មានក្លែងក្លាយ។

ជម្រាបជូនថា អាណត្តិជាប្រធានាធិបតី ៥ឆ្នាំរបស់លោក Zelenskyy ត្រូវបានសន្មត់ថាបានផុតកំណត់រួចទៅហើយ តាំងពីឆ្នាំ២០២៤ មកម្លេះ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតី និងសភា មិនអាចត្រូវបានធ្វើឡើងនោះឡើយ ក្នុងពេលដែលអ៊ុយក្រែនកំពុងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដែលលោក Zelenskyy ប្រកាសដាក់ឲ្យប្រើក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងការឈ្លានពានពីសំណាក់ប្រទេស រុស្ស៉ី៕