រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ កំពុងពិចារណាលើការហាមឃាត់ការនាំចេញរ៉ែនីកែល ដើម្បីជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក ហ្រ្វាន់ស៊ីស អែស្កូដឺរូ (Francis Escudero) នាពេលថ្មីៗនេះ បាននិយាយថា សភាហ្វីលីពីន អាចផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីថ្មីមួយស្តីពីការហាមឃាត់ការនាំចេញរ៉ែនីកែលឆៅ ឲ្យបានឆាប់ ត្រឹមខែមិថុនាខាងមុខ។ ហើយប្រសិនបើត្រូវបានអនុម័ត ការហាមឃាត់នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងរយៈពេល ៥ឆ្នាំ ដើម្បីផ្តល់ពេលវេលាដល់បណ្តារោងចក្ររុករករ៉ែដើម្បីបង្កើតកន្លែងកែច្នៃ នៅក្នុងប្រទេស។
យ៉ាងណាមិញ បើតាមក្រុមអ្នកជំនាញ បាននិយាយថា ការដាក់ចេញហាមឃាត់ការនាំចេញរ៉ែនីកែលរបស់ប្រទេសហ្វីលីពីននេះ អាចនាំឲ្យតម្លៃនីកែលអន្តរជាតិកាន់តែកើនឡើងខ្ពស់ ជាពិសេសប៉ះពាល់ដល់ប្រទេសជិតខាងដូចជាឥណ្ឌូណេស៊ី ដែលជាអ្នកនាំចូលនីកែលដ៏ធំបំផុតមួយ។
យោងតាមទិន្នន័យស្ថិតិឥណ្ឌូណេស៊ី (BPS) បង្ហាញថា ឥណ្ឌូនេស៊ីបាននាំចូលរ៉ែនីកែលពីហ្វីលីពីន ជាង ១០,៤ លានតោនកាលពីឆ្នាំមុន ដែលបានកើនឡើងយ៉ាងខ្លាំងពីចំនូនតែត្រឹមតែជាង ៣៧០ ០០០ តោនកាលពីឆ្នាំ២០២៣។ ហើយប្រហែល ៩៧% នៃការនាំចូលរ៉ែនីកែលសរុបរបស់ឥណ្ឌូណេស៊ី កាលពីឆ្នាំមុន គឺបានមកពីប្រទេសហ្វីលីពីន៕