ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងក្នុងការសាងសង់មជ្ឈមណ្ឌផ្ទុកទិន្នន័យបញ្ញាសិប្បនិមិត្ត (AI) ឈានមុខគេរបស់ពិភពលោក នៅក្នុងខេត្ត South Jeollam ដែលមានសមត្ថភាពរហូតដល់ ៣ ជីហ្គាវ៉ាត់ (GW)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Korea Herald។
រដ្ឋាភិបាលខេត្ត South Jeolla បានបញ្ជាក់ប្រាប់កាសែតទៅសារព័ត៌មានក្នុងស្រុក JoongAng Ilbo កាលពីថ្ងៃទី១៩ ខែកុម្ភ:ថា គម្រោងដ៏មានមហិច្ឆតានេះនឹងត្រូវបានអនុវត្តនៅក្នុងមូលដ្ឋាន ខណ:សេចក្តីប្រកាសជាផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។
លោក Koo Bon-wong (Brian Woo) ជាចៅប្រុសរបស់ស្ថាបនិកក្រុមហ៊ុន LG បានប្រកាសថាក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Stock Farm Road ដែលលោកជាសហស្ថាបនិកនោះ នឹងក្លាយជាអ្នកអនុវត្តគម្រោងដ៏ធំមួយនេះ។
លោក Koo បាននិយាយទៀតថា ខណៈពេលដែលមជ្ឈមណ្ឌលទិន្នន័យរបស់កូរ៉េខាងត្បូងបច្ចុប្បន្នកំពុងបម្រើតម្រូវការក្នុងស្រុកជាចម្បង ដូច្នេះកូរ៉េក៏អាចមានសមត្ថភាពប្រតិបត្តិការទៅលើមជ្ឈមណ្ឌលទិន្នន័យខ្នាតធំដែលផ្តោតលើទីផ្សារពិភពលោកបានផងដែរ។
គួរឲ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យ AI នេះមានសមត្ថភាពដល់ទៅ ៣ GW ដែលជាទំហំធំជាងគេបំផុតក្នុងពិភពលោក គិតត្រឹមពេលបច្ចុប្បន្ននេះ ពោលគឺមានធំជាងបីដងនៃគម្រោង Stargate ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីចុងខែមករាកន្លងទៅ ផងដែរ។
យ៉ាងណាមិញ នៅពេលបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារប្រហែល ១ម៉ឺនកន្លែង ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំដំបូងដែលត្រូវបានប៉ាន់ស្មានថាមានចំនួន ៣,៥ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Stock Farm Road បានប្រកាសពីការវិនិយោគទឹកប្រាក់របស់ខ្លួនចន្លោះពី ១០ ទៅ ៣៥ពាន់លានដុល្លារ នៅក្នុងគម្រោងនេះ ខណ:ការសាងសង់អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ នេះ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ៕