តួកគី នាំចេញស៊ុត ១៥ ០០០ តោន ទៅកាន់សហរដ្ឋអាមេរិក ចំពេលតម្លៃកើនឡើងខ្លាំង

អន្តរជាតិ

ប្រទេសតួកគី បាននាំចេញស៊ុតក្នុងចំនួន ១៥ ០០០ តោន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់តម្រូវការបន្ថែម ដោយសារតែការផលិតស៊ុតរបស់ប្រទេសនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺផ្កាសាយបក្សី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ibrahim Afyon ប្រធានសមាគមអ្នកផលិតស៊ុតតួកគី (YUM-BIR) បានប្រកាសនៅថ្ងៃទី២០ ខែកុម្ភ:នេះថា ប្រទេសរបស់ខ្លួន បានចាប់ផ្តើមនាំចេញស៊ុតចំនួន ៧០០ កុងតឺន័រទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួយប្រទេសនេះកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។ លោកបន្តទៀតថា ការដឹកជញ្ជូនដំបូងបានចាប់ផ្តើមក្នុងខែនេះ ហើយនឹងបន្តរហូតដល់ខែកក្កដា។

លោក Afyon បាននិយាយថា៖ “សកម្មភាពនាំចេញនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនសមាជិក YUM-BIR ដែលមានអាជ្ញាប័ណ្ណពេញលេញ។ ស៊ុតសរុបចំនួន ១៥ ០០០ តោននឹងត្រូវដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក” ។

គួរឲ្យដឹងថា តួកគី ជាអ្នកនាំចេញស៊ុតដ៏ធំមួយក្នុងចំណោមអ្នកនាំចេញស៊ុតកំពូលៗទាំង១០ របស់ពិភពលោក។ ការនាំចេញស៊ុតទៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ចំណូលចំនួន ២៦លានដុល្លារសម្រាប់ប្រទេសតួកគី។

ជាមួយគ្នានេះ លោក Chad Gregory ប្រធានក្រុមហ៊ុន United Egg Producers ដែលជាសមាគមតំណាងអ្នកផលិតស៊ុតនៅសហរដ្ឋអាមេរិកបាននិយាយថា “យើងគាំទ្រការនាំចូលស៊ុតបណ្តោះអាសន្នដើម្បីបន្ធូរបន្ថយភាពតានតឹងលើការផ្គត់ផ្គង់ក្នុងស្រុក” ។

ជម្រាបជូនផងដែរថា សហរដ្ឋ​អាមេរិក​ត្រូវ​បង្ខំចិត្តសម្លាប់​សត្វ​មាន់និង​សត្វ​ស្លាប​ប្រមាណ ១៦២ លាន​ក្បាល ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី។ ហើយការសម្លាប់នេះ បានធ្វើឲ្យការផ្គត់ផ្គង់ស៊ុតបានក្លាយទៅជារឿងខ្វះខាត តម្លៃស៊ុតបានកើនឡើងយ៉ាងខ្លាំង ស្របពេលជនជាតិអាមេរិកជាច្រើន បានសម្រេចចិត្តទិញសត្វមាន់មកចិញ្ចឹមដើម្បីយកស៊ុតដោយខ្លួនឯង៕