ការនាំចេញមាសរបស់ស្វីស ទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយ:ពេល ១៣ឆ្នាំ

អន្តរជាតិ

យោងតាមទិន្នន័យគុយរបស់ប្រទេសស្វីស បានបង្ហាញឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញមាសពីប្រទេសស្វីសទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយ:ពេល ១៣ឆ្នាំចុងក្រោយ គិតនៅត្រឹមខែមករាកន្លងទៅ ចំពេលមានវិធានការពន្ធគយថ្មីរបស់លោក ដូណាល់ ត្រំាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសស្វីស ដែលជាមជ្ឈមណ្ឌលចម្រាញ់ និងដឹកជញ្ជូនមាសដ៏ធំបំផុតរបស់ពិភពលោក បានមើលឃើញពីការកើនឡើងនៃការដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ត្រាំ ហាក់បានត្រៀមខ្លួនរួចជាស្រេចនូវការដាក់ចេញវិធានពន្ធនាំចូលដ៏ទូលំទូលាយថ្មីបន្ថែមទៀត ដែលជាហេតុធ្វើឲ្យពាណិជ្ជករមួយចំនួនមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់ការដឹកជញ្ជូនមាសនាពេលអនាគត។

យោងតាមទិន្នន័យរបស់ប្រទេសស្វីស បានបង្ហាញឲ្យដឹងថា ការនាំចេញមាសពីប្រទេសខ្លួន ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ១៩២,៩ តោន ក្នុងខែមករា បើធៀបទៅនឹងចំនួន ៦៤,២ តោន ក្នុងខែធ្នូ ខណ:នេះជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មាននៃការនាំចេញមាសប្រចាំខែរបស់ស្វីសទៅកាន់ទឹកដីអាមេរិក គិតចាប់តាំងពីឆ្នាំ២០១២ មក។

ជម្រាបជូនថា ជាមួយនឹងការកើនឡើងនៃការនាំចូលមាស នៅក្នុងខែមករាកន្លងទៅនេះ បានធ្វើឲ្យចំនួនមាសសរុបចំនួន ២០,៤ លានត្រយអោន (៦៣៦ តោន) ដែលស្មើទៅនឹងតម្លៃ ៦០ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅឃ្លាំងស្តុកទុក Comex ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដោយបង្កើនមាសស្តុកទុកនៅទីនោះ ១១៦% ដល់ចំនួន ៣៨ លានអោន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១ មក៕