តំបន់រដ្ឋបាលជាច្រើននៅក្នុងប្រទេសចិន កំពុងអំពាវនាវឲ្យមន្ត្រីរបស់ខ្លួន ទាញយកអត្ថប្រយោជន៍ពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) DeepSeek មកប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការងារ ជាពិសេសទាក់ទងទៅនឹងការសម្រេចចិត្តផ្សេងៗនៅកន្លែងធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។
យោងតាម Zhengzhou Daily ដែលជាកាសែតរបស់រដ្ឋាភិបាលទីក្រុង Zhengzhou រដ្ឋធានីនៃខេត្ត Henan ប្រទេសចិន កាលពីចុងសប្តាហ៍មុន បានដកស្រង់សម្តីលេខាបក្សទីក្រុង An Wei ដោយបានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ឲ្យសិក្សាឲ្យបានស៊ីជម្រៅ និងធ្វើជាម្ចាស់លើការប្រើប្រាស់គំរូ AI ជំនាន់ថ្មីចុងក្រោយដូច DeepSeek ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះឲ្យបានពេញលេញ ដើម្បីគាំទ្រដល់ការសម្រេចចិត្ត ការវាយតម្លៃ និងការដោះស្រាយបញ្ហាផ្សេងៗ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារស្រាវជ្រាវនយោបាយក្នុងស្រុក ក៏បានចែកចាយសៀវភៅណែនាំបណ្តុះបណ្តាលដល់មន្ត្រីដោយបញ្ជាក់ថា AI អាចដើរតួជា ទីប្រឹក្សា និងជំនួយការដ៏ជំនាញ ដើម្បីបម្រើដល់ដំណើរការធ្វើការសម្រេចចិត្តបែបវិទ្យាសាស្ត្រ ផងដែរ។
ជាមួយគ្នានេះ មន្ត្រីនៅក្នុងទីក្រុង Laibin ខេត្ត Guangxi ក៏បានទទួលការជូនដំណឹង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដែលលើកទឹកចិត្តឲ្យពួកគេទទួលបាន និងសិក្សារៀនសូត្រពីបច្ចេកវិទ្យាថ្មីៗយ៉ាងសកម្ម ជាពិសេសលើការអនុវត្តបច្ចេកវិទ្យា AI ដើម្បីគាំទ្រដល់ការសម្រេចចិត្ត ការវិភាគ និងការដោះស្រាយបញ្ហា។
រដ្ឋាភិបាលក្នុងតំបន់រដ្ឋបាលមួយចំនួនផ្សេងទៀត នៅក្នុងប្រទេសចិន ក៏បានដាក់ឲ្យប្រើប្រាស់សេវាកម្មអនឡាញដោយប្រើកម្មវិធី AI របស់ DeepSeek នេះ ដើម្បីជួយសម្រួលកិច្ចការងាររបស់ពួកគេ ផងដែរ។
ជម្រាបជូនថា ក្រុមហ៊ុន DeepSeek របស់ចិនបានប្រកាសនៅថ្ងៃទី២០ ខែមករា ថាម៉ូដែល V3 និង R1 ឥតគិតថ្លៃរបស់ខ្លួនត្រូវបានបំពាក់ដោយបន្ទះឈីបមានតម្លៃទាបរបស់ក្រុមហ៊ុន Nvidia ប៉ុន្តែពួកគេបានអះអាងថាមានសមត្ថភាពខ្លាំង ពោលគឺស្រដៀងគ្នាទៅនឹងកម្មវិធី AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក OpenAI ផងដែរ៕