យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃទី២០ ខែកុម្ភ:កន្លងទៅថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក ដើម្បីឲ្យប្រទេសជាសមាជិករបស់ខ្លួន អាចបង្ហាញពីទស្សនៈរបស់ពួកគេទៅលើផែនការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញផែនការនៃការរៀបចំកិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធប្រហែល ២៥% បន្ថែម ពីលើការនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ នាពេលឆាប់ៗខាងមុខ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានប្រាប់ទៅកាន់សភាថា ពន្ធគយបែបនេះ អាចនឹងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់ម៉ាឡេស៊ី ដោយសារផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិក បានចូលរួមចំណែកដល់ទៅ ៦០% នៃពាណិជ្ជកម្មសរុបរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។
លោក Hasan បានមានប្រសាសន៍ទៀតថា៖”ផែនការពន្ធគយថ្មីនេះ ជាការវាយប្រហារដ៏ធំមួយ ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហានេះបានក្នុងពេលឆាប់ៗទេនោះ។ យើងត្រូវតែធ្វើការពិភាក្សាអំពីរបៀបផ្ដល់ទស្សនៈពីសំណាក់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីធានាថាពន្ធគយដែលបានស្នើឡើងមិនដាក់បន្ទុកដល់យើង”។
គួរឲ្យដឹងផងដែរថា ម៉ាឡេស៊ី នឹងត្រូវធ្វើជាប្រធានសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២៥ នេះ។
យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ៨០,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ស្របពេលឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិក ជាមួយម៉ាឡេស៊ីមានចំនួន ២៤,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន៕