មេដឹកនាំអ៊ុយក្រែន មិនទាន់ត្រៀមខ្លួនដើម្បីចុះហត្ថលេខាផ្តល់ធនធានរ៉ែកម្រ ទៅឲ្យអាមេរិកឡើយ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហាក់នៅមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់សិទ្ធិឲ្យសហរដ្ឋអាមេរិកអាចកាន់កាប់ធនធានរ៉ែកម្រៗរបស់ប្រទេសខ្លួន នៅឡើយនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗកន្លងទៅនេះ ចង់ឲ្យអ៊ុយក្រែន ផ្តល់សិទ្ធិឲ្យអាមេរិក ចូលទៅកាន់កាប់ ៥០% នៃធនធានរ៉ែកម្រៗរបស់ពួកគេ ជា​ថ្នូរ​ទៅនឹងការទូទាត់សងត្រលប់មកវិញនូវជំនួយតម្លៃរាប់សិបពាន់លានដុល្លារ ដែលធ្លាប់បានប្រគល់ឲ្យអំឡុងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។

ទន្ទឹមនឹងនេះ លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ បានព្យាករថា លោក Zelensky អាចនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ នាពេលឆាប់ៗខាងមុខនេះ ខណ:កិច្ចព្រមព្រៀងលម្អិតដែលត្រូវបានស្នើឡើងនេះ ហាក់មិនត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពនៅក្នុងប្រទេសអ៊ុយក្រែនដែលដឹងពីបញ្ហានេះ បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ ដោយឆ្លើយតបទៅវិញថា ៖”នៅក្នុងទម្រង់នៃកិច្ចព្រមព្រៀងបច្ចុប្បន្ននេះ ប្រធានាធិបតីលោក Zelensky ហាក់មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកវានៅឡើយទេ យើងនៅតែព្យាយាមធ្វើការផ្លាស់ប្តូរ និងស្ថាបនាបន្ថែម។ មិនមានកាតព្វកិច្ចអ្វីរបស់អាមេរិកនៅក្នុងកិច្ចព្រមព្រៀងទាក់ទងនឹងការធានា ឬការវិនិយោគលើធនធានរ៉ែរបស់យើងនោះទេ អ្វីគ្រប់យ៉ាងអំពីពួកគេគឺមិនច្បាស់លាស់ ហើយពួកគេគ្រាន់តែចង់ទាញយកធនធានរ៉ែតម្លៃ ៥០០ពាន់លានដុល្លារពីយើងប៉ុណ្ណោះ”។

យ៉ាងណាមិញ ជុំវិញការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងនេះ បានកើតឡើងចំពេលមានសង្រ្គាមពាក្យសម្តីរវាងលោក Zelensky និងប្រធានាធិបតីអាមេរិក លោក ត្រាំ ដែលបានហៅមេដឹកនាំអ៊ុយក្រែនថាជា “ជនផ្តាច់ការ” នៅក្នុងការបង្ហោះសារមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីដើមសប្តាហ៍នេះ៕