ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk និងក្រុមប្រឹក្សាប្រិសិទ្ធភាពរដ្ឋាភិបាល ប្រើប្រាស់អំណាចរបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលដល់ការចំណាយ និងពង្រឹងប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
យ៉ាងណាមិញ នៅក្នុងការបង្ហោសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២២ ខែកុម្ភ:កន្លងទៅ លោក ត្រាំ បាននិយាយថា ៖” លោក Elon Musk កំពុងធ្វើការងារដ៏អស្ចារ្យ ប៉ុន្តែខ្ញុំចង់ឲ្យគាត់ប្រើសិទ្ធិអំណាចកាន់តែខ្លាំងជាងនេះទៀត។ ត្រូវចាំថា ប្រទេសរបស់យើងត្រូវការសន្សំសំចៃជាចាំបាច់”។
រម្លឹកផងដែរថា បន្ទាប់ពីចូលកាន់តំណែងនៅក្នុងសេតវិមាននៅថ្ងៃទី២០ ខែមករា មក លោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើតការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីអនុវត្តផែនការដើម្បីសម្របសម្រួល និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ។ ទន្ទឹមនឹងនេះ លោក ត្រាំ បានសម្រេចតែងតាំងមហាសេដ្ឋីបច្ចេកវិទ្យា លោក Musk ឲ្យទទួលបន្ទុកដឹកនាំទីភ្នាក់ងារបង្កើតថ្មីនេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ របៀបធ្វើការរបស់អង្គភាព DOGE ហាក់បានបង្កឲ្យមានភាពចម្រូងចម្រាស និងការមិនពេញចិត្តជាច្រើន នៅពេលដែល DOGE បានសម្រេចបិទទីភ្នាក់ងាររដ្ឋាភិបាលធំៗ និងប្រកាសបណ្តេញបុគ្គលិកសំខាន់ៗជាច្រើន ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។
បន្ថែមពីនេះ DOGE ក្រោមការដឹកនាំរបស់ លោក Musk ក៏បានប្រើវិធានការកាត់បន្ថយបុគ្គលិករដ្ឋ ដែលទទួលប្រាក់ខែពីរដ្ឋាភិបាល ដើម្បីរឹតត្បិតការប្រើថវិកា ដែលមិនចាំបាច់ និងពង្រឹងនូវប្រសិទ្ធភាព នៃប្រព័ន្ធកិច្ចការងារបុគ្គលិករដ្ឋាភិបាលឡើងវិញ ផងដែរ។
ជម្រាបជូនថា ដោយផ្នែកតាមទិន្នន័យរបស់ទីភ្នាក់ងារ DOGE សកម្មភាពរបស់ទីភ្នាក់ងារ នេះបានជួយឲ្យរដ្ឋាភិបាលសហព័ន្ធ អាចសន្សំសំចៃថវិកាប្រមាណ ៥៥ពាន់លានដុល្លារ តាមរយៈការបញ្ចប់កិច្ចព្រមព្រៀងផ្សេងៗ ក៏ដូចជាការបញ្ចប់ជំនួយ និងការកាត់បន្ថយបុគ្គលិកការងារ ជាដើម៕