យោងតាមក្រុមហ៊ុនវិនិយោគ Goldman Sachs បានបង្ហាញឲ្យដឹងថា វិធានការពន្ធគយ ១០% លើការនាំចូលប្រេងរបស់សហរដ្ឋអាមេរិក អាចនឹងធ្វើក្រុមហ៊ុនផលិតប្រេងបរទេស ខាតបង់ដល់ទៅ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ចេញវិធានការពន្ធគយថ្មីបន្ថែមទៀត ជាពិសេសទៅលើការដាក់ពន្ធដល់ទៅ ២៥% ទៅលើប្រេងឆៅរបស់ម៉ិកស៊ិក និងការយកពន្ធ ១០% លើប្រេងឆៅរបស់ប្រទេសកាណាដា ផងដែរ ដោយត្រូវបានគេរំពឹងទុកថានឹងចូលជាធរមាន នៅមីនាខាងមុខ។
ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Goldman Sachs រំពឹងថាសហរដ្ឋអាមេរិក នឹងនៅតែជាទិសដៅដ៏ចម្បងសម្រាប់ការនាំចូលប្រេងឆៅ ដោយសារតែសមត្ថភាពចម្រាញ់របស់ពួកគេមានកម្រិតខ្ពស់ និងការចំណាយទាប ដែលវានឹងបន្តធ្វើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងអាមេរិក ក្លាយជាអ្នកទិញដែលមានការប្រកួតប្រជែងបំផុត។
ទន្ទឹងនឹងនេះ Goldman Sachs ដែលជាធនាគារវិនិយោគដ៏ធំបំផុតមួយ បានប៉ាន់ប្រមាណថាអ្នកប្រើប្រាស់អាមេរិក អាចនឹងប្រឈមមុខការកើនឡើងតម្លៃពន្ធប្រចាំឆ្នាំដល់ទៅ ២២ពាន់លានដុល្លារ ខណៈពេលដែលរដ្ឋាភិបាល អាចនឹងបង្កើតប្រាក់ចំណូលត្រលប់មកវិញ បានក្នុងចំនួនប្រហែល ២០ពាន់លានដុល្លារ។
Goldman Sachs បាននិយាយទៀតថា ចំពោះអ្នកចម្រាញ់ និងពាណិជ្ជករប្រេងអាមេរិកវិញ អាចនឹងទទួលបានអត្ថប្រយោជន៍ចំនួន ១២ពាន់លានដុល្លារ ជុំវិញវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ប៉ុន្តែទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតប្រេងបរទេស ទំនងអាចនឹងត្រូវខាតបង់ដល់ទៅ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
ជម្រាបជូនផងដែរថា ខណៈពេលដែលវិធានការពន្ធគយថ្មីនេះ អាចកែប្រែលំហូរពាណិជ្ជកម្មយ៉ាងច្រើន ក្រុមហ៊ុន Goldman បានគូសបញ្ជាក់ទៀតថា អ្នកផលិតប្រេងរបស់កាណាដា ទំនងជានឹងត្រូវបង្ខំចិត្តទទួលយកសម្ពាធពន្ធនេះ តាមរយៈការបញ្ចុះតម្លៃប្រេងរបស់ខ្លួន ដើម្បីរក្សាការប្រកួតប្រជែង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕