លោក ត្រាំ គ្រោងដាក់ពន្ធសងសឹកលើប្រទេសណាដែលទារពន្ធគយលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថា លោកចង់ដាក់ពន្ធសងសឹកទៅលើប្រទេសណាដែល​ទារ​ពន្ធគយលើសេវាកម្មឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Google, Facebook, Apple ឬ Amazon ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈមួយដោយស្នើឲ្យការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បើកការស៊ើបអង្កេតឡើងវិញ ជុំវិញពន្ធលើសេវាកម្មឌីជីថលដែលលោកបានផ្តួចផ្តើមឡើង ក្នុងអំឡុងពេលការចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូងរបស់ខ្លួន។ ហើយចំពោះគោលបំណងនៃការយកពន្ធគយនេះ គឺដើម្បីស៊ើបអង្កេតថា តើប្រទេសណាមួយដែលកំពុងប្រើប្រាស់ពន្ធដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាជីវកម្មរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ យោងតាមមន្ត្រីសេតវិមានបាននិយាយទៀតថា លោក ត្រាំ បានដឹកនាំក្រុមមន្ត្រីរបស់ខ្លួនឲ្យពិចារណាលើវិធានការពន្ធសងសឹក ក៏ដូចជាពន្ធនាំចូល ដើម្បីប្រឆាំងនឹងពន្ធលើសេវាកម្មឌីជីថល រួមទាំងការផាកពិន័យ និងគោលនយោបាយដែលដាក់ដោយរដ្ឋាភិបាលបរទេស លើអាជីវកម្មរបស់អាមេរិក។

គួរឲ្យដឹងផងដែរថា ពន្ធលើសេវាកម្មឌីជីថលដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុ Apple និងក្រុមហ៊ុន Amazon បានក្លាយជាជម្លោះពាណិជ្ជកម្មជាយូរមកហើយសម្រាប់រដ្ឋាភិបាលជាច្រើនអាណត្តិរបស់សហរដ្ឋអាមេរិក។

ជម្រាបជូនថា ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ តួកគី ឥណ្ឌា អូទ្រីស និងកាណាដា សុទ្ធតែបានយកពន្ធលើប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនផ្តល់សេវាឌីជីថលធំៗរបស់អាមេរិកខាងលើ និងក្រុមហ៊ុនផ្តល់សេវាឌីជីថលផ្សេងទៀត ដែលកំពុងធ្វើប្រត្តិបត្តិការនៅក្នុងដែនដីរបស់ប្រទេសទាំងនោះ៕