សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃចន្ទទី២៤ ខែកុម្ភ:ថា ផលិតកម្មរថយន្តនៅក្នុងប្រទេសខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៤,៦% នៅក្នុងខែមករា បើធៀបនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន មកនៅត្រឹមចំនួន ១០៧ ១០៣ គ្រឿង ដោយសារតែការលក់ និងការនាំចេញក្នុងស្រុកធ្លាក់ចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រទេសថៃ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុត នៅក្នុងអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមមាន Toyota និង Honda ជាដើម។
ទន្ទឹមនឹងនេះ លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែចំនួនផលិតកម្មរថយន្តរបស់យើងពិតជាមានកម្រិតទាបខ្លាំងណាស់”។
គួរឲ្យដឹងផងដែរថា ទិន្នផលរថយន្តរបស់ថៃ បានធ្លាក់ចុះច្រើនជាង ១៧,៣% ធៀបទៅនឹងរយ:ពេលដូចគ្នា ក្នុងខែធ្នូ និងជាខែទី១៨ ជាប់គ្នាៗហើយ ដែលផលិតកម្មបានធ្លាក់ចុះ។
មិនតែប៉ុណ្ណោះ FTI បាននិយាយទៀតថា ការលក់រថយន្តក្នុងស្រុក បានធ្លាក់ចុះ ១២,២% ក្នុងខែមករា ធៀបនឹងឆ្នាំមុន មកត្រឹមចំនួន ៤៨ ៩២ គ្រឿងប៉ុណ្ណោះ បន្ទាប់ពីមានការធ្លាក់ចុះ ២០,៩% ក្នុងខែធ្នូ។ ហើយជុំវិញការធ្លាក់ចុះនេះ FTI បានគូសបញ្ជាក់ថា ដោយសារតែមានការរឹតបន្តឹងកម្ចីរថយន្ត ព្រោះតែបំណុលគ្រួសារមានកម្រិតខ្ពស់។
លោក Surapong បានបន្ថែមឲ្យដឹងទៀតថា ជុំវិញការនាំចេញរថយន្ត ទៅកាន់ប្រទេសវិញ បានធ្លាក់ចុះ ២៨,១% នៅក្នុងខែមករា ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន ៦២ ៣២១ គ្រឿង ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៣ខែ ចុងក្រោយ។ ហើយជុំវិញការធ្លាក់ចុះនេះ គឺបានកើតឡើង ដោយសារការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់រថយន្តរបស់ប្រទេសចិន៕