ក្រុមហ៊ុន Green and Smart Mobility (GSM) ដែលជាក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនី គ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតរបស់វៀតណាម លោក Pham Nhat Vuong កាលពីពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងការស្វែងរកលទ្ធភាព ដើម្បីចូលប្រឡូកនៅក្នុងទីផ្សារដឹកជញ្ជូនអាហារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
យោងតាមលោក Nguyen Van Thanh នាយកប្រតិបត្តិសកលនៃក្រុមហ៊ុន GSM បានបង្ហាញឲ្យដឹងថា ដោយស្ថិតនៅក្រោមស្លាកយីហោ Xanh SM ដែលគ្រោងប្រឡូកចូលអាជីវកម្មដឹកជញ្ជូនអាហារនេះ កំពុងស្វែងរកអ្នកដែលមានបទពិសោធមកចូលរួម ក្នុងការកសាងដំណើរការប្រតិបត្តិការអាជីវកម្ម និងគ្រប់គ្រងសេវាកម្មចែកចាយម្ហូបអាហារ។
គួរឲ្យដឹងថា ទីផ្សារចែកចាយម្ហូបអាហាររបស់ប្រទេសវៀតណាម បច្ចុប្បន្នកំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Grab និង ShopeeFood របស់ប្រទេសសិង្ហបុរី ដោយក្នុងនោះ Grab មានចំណែកទីផ្សារ ៤៨% និង ShopeeFood មានចំណែក ៤៧% ខណ:អ្នកដឹកជញ្ជូនក្នុងស្រុកកាន់ចំណែកទីផ្សារដែលនៅសេសសល់។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works ។
ទន្ទឹមនឹងនេះ សេវាកម្មដឹកជញ្ជូនអាហារផ្សេងទៀត រួមទាំងកម្មវិធីចែកចាយអាហាររបស់កូរ៉េខាងត្បូង Baemin និងវេទិកាពហុសេវាកម្មរបស់ឥណ្ឌូណេស៊ី Gojek មានវត្តមាននៅក្នុងប្រទេសវៀតណាមកាលពីពេលកន្លងទៅ ផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេបានបានចាកចេញវិញ នៅចន្លោះឆ្នាំ២០២៣ និង២០២៤។
ជម្រាបជូនផងដែរថា ដោយបើកដំណើរការដំបូងក្នុងខែមេសា ឆ្នាំ២០២៣ Xanh SM ផ្តល់សេវាជិះរថយន្តតាក់ស៊ីអគ្គិសនី ឡាន និងម៉ូតូ និងសេវាដឹកជញ្ជូនទំនិញកញ្ចប់ៗ ផងដែរ ខណ:ក្រុមហ៊ុននេះ ក៏បានបើកដំណើរការនៅក្នុងប្រទេសឡាវ និងឥណ្ឌូណេស៊ីផងដែរ៕