តម្លៃកាក់ Bitcoin ធ្លាក់ចុះក្រោម ៩ម៉ឺនដុល្លារជាលើកដំបូងនៅឆ្នាំនេះ ក្រោយជួបបញ្ហាធំៗពីរយ៉ាង

អន្តរជាតិ

តម្លែកាក់ Bitcoin កាលពីថ្ងៃអង្គារទី២៥ ខែកុម្ភ:កន្លងទៅនេះ បានធ្លាក់ចុះក្រោម ៩ម៉ឺនដុល្លារ ជាលើកដំបូង និងត្រូវបានចាត់ទុកថាជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំមុនមក។ នេបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការធ្លាក់ចុះនៃតម្លៃកាក់គ្រីបតូដែលត្រូវបានគេស្គាល់ច្រើនបំផុតនេះ គឺត្រូវបានកើតឡើង ដោយសារតែមានការព្រួយបារម្ភខ្លាំងទៅលើទីផ្សារ ជុំវិញវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ក៏ដូចជាការបាត់បង់ទំនុកចិត្តពីសំណាក់អ្នកវិនិយោគ ក្រោយមានការចូលទៅលួចលុយអស់ប្រមាណ ១,៥ពាន់លានដុល្លារ ពីសំណាក់ក្រុម Hacker ទៅលើ BYBIT ដែលជាក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលធំបំផុតមួយ ដែលមានមូលដ្ឋាននៅទីក្រុងឌុយបៃ។

គួរឲ្យដឹងថា Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកដោយផ្នែកតាមតម្លៃទីផ្សាររបស់វានោះ បានធ្លាក់ចុះ ៧,២៥% មកនៅត្រឹមចំនួនទាបបំផុតប្រមាណជាង ៨៧ ១៦៩ដុល្លារ ចំពេលក្រុមវិនិយោគិនសកលលោក ហាក់មានការប្រុងប្រយ័ត្នកាន់តែខ្លាំង ជុំវិញសញ្ញាដែលសេដ្ឋកិច្ចអាមេរិកអាចនឹងត្រូវធ្លាក់ចុះ ខណៈពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងរៀបចំដាក់ពន្ធគយថ្មីបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោក ម៉ាសែល ហ៊ិនរីកស្មែរ (Marcel Heinrichsmeier) អ្នកវិភាគទ្រព្យសកម្មគ្រីបតូប្រចាំនៅ DZ Bank បាននិយាយថា ៖”ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​គឺជាហេតុផលចម្បងដ៏ធំមួយចំពោះការធ្លាក់ចុះនៃតម្លៃកាក់គ្រីបតូ ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។ ហើយជុំវិញការ Hack ទៅលើក្រុមហ៊ុន Bybit និងភាពចលាចលនៅក្នុង Memecoin ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក៏បានរួមចំណែកការធ្លាក់ចុះនៃទីផ្សាររូបិយប័ណ្ណគ្រីបតូច្រើនបំផុត បើធៀបទៅនឹងការចាប់ផ្តើមនៅឆ្នាំនេះ”។

ជម្រាបជូនផងដែរថា ខណៈពេលដែលកាក់មេ Bitcoin បានបាត់បង់តម្លៃរបស់ខ្លួនដល់ទៅជិត ៨% នៅក្នុងសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថាតម្លៃកាក់គ្រីបតូផ្សេងៗ ក៏ត្រូវបានរងផលប៉ះពាល់កាន់យ៉ាងខ្លាំងផងដែរ។ ក្នុងនោះកាក់ Dogecoin រួមជាមួយកាក់ Solana និង Cardano បានធ្លាក់ចុះតម្លៃរបស់ខ្លួនអស់ប្រហែល ២០% ។ នេះបើយោងតាមទិន្នន័យពី ​​​​CoinGecko៕