តម្លៃទីផ្សារ Tesla ធ្លាក់ចុះក្រោម ១ទ្រីលានដុល្លារលើកដំបូង ក្រោយការលក់នៅអឺរ៉ុបថយចុះខ្លាំង

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ ៨% កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភ:កន្លងទៅ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិកនេះ ថយចុះមកនៅក្រោម ១ទ្រីលានដុល្លារជាលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការធ្លាក់ចុះនេះ ត្រូវបានកើតឡើង បន្ទាប់ពីមានទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ដោយបានរាយការណ៍ថា ការលក់រថយន្តរបស់ Tesla នៅអឺរ៉ុប បានធ្លាក់ចុះដល់ទៅ ៤៥% នៅក្នុងខែមករា បើទោះបីជាការលក់រថយន្ត EV សរុបនៅអឺរ៉ុបមានការកើនឡើងដល់ទៅ ៣៧% ក្នុងពេលដូចគ្នានោះ ក៏ដោយ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃការលក់នេះ ហាក់បានគូសបញ្ជាក់ពីបញ្ហាប្រឈមមុខជាច្រើនរបស់ក្រុមហ៊ុន Tesla បន្ទាប់ពីការធ្លាក់ចុះនៃការចែកចាយរថយន្ត EV ជាសកលរបស់ខ្លួនកាលពីឆ្នាំមុន ដែលបានបង្កើនសម្ពាធបន្ថែមទៀតទៅលើនាយកប្រតិបត្តិ លោក Elon Musk ដើម្បីបញ្ចេញម៉ូដែលតម្លៃទាបថ្មីៗ និងការលក់បញ្ចុះតម្លៃ ក្នុងគោលបំណងគាំទ្រដល់អនាគតរបស់ក្រុមហ៊ុន។

គួរឲ្យដឹងផងដែរថា ជុំវិញបញ្ហានេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះដល់ក្រោម ៣០៥ដុល្លារ ក្នុងមួយហ៊ុន អំឡុងការបិទបញ្ចប់ការជួញដូរចុងក្រោយ ដែលនាំឲ្យតម្លៃមូលធនទីផ្សាររបស់ខ្លួន ធ្លាក់ចុះមកនៅត្រឹមប្រមាណ ៩៨១ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃមូលធនទីផ្សារបស់ Tesla នៅតែមានចំនួនច្រើនដាច់គេដល់ទៅពីរដង បើធៀបទៅនឹងតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលៗពិភពលោកផ្សេងទៀត រួមមាន General Motors , Ford Motor ,Volkswagen, Toyota Motor , Hyundai Motor និង BMW ជាដើម៕