Elon Musk បន្តរបូតលុយអស់ច្រើនជាង ៧០ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះមក

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានគេរាយការណ៍ថា បានថយចុះអស់ចំនួន ២២ពាន់លានដុល្លារបន្ថែមទៀត គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ដែលបាននាំឲ្យទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះអស់ចំនួនសរុបជាង ៧៤ពាន់លានដុល្លារ គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យោងតាមរបាយការណ៍ពី ​​Bloomberg Billionaires Index បានបង្ហាញឲ្យដឹងទៀតថា ឥឡូវនេះ លោក Musk មានទ្រព្យសម្បត្តិសរុបចំនួន ៣៥៨ពាន់លានដុល្លារ ពោលគឺលោកនៅតែរក្សាតំណែងជាអ្នកមានដាច់គេលើពិភពលោកដដែល បើទោះបីជាទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះអស់ចំនួនរាប់ពាន់លានដុល្លារក្តី។

គួរឲ្យដឹងផងដែរថា ជុំវិញការធ្លាក់ចុះនៃចំនួនទ្រព្យសម្បត្តិរបស់លោក Musk នេះ ត្រូវបានកើតឡើង ចំពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៨% គិតត្រឹមការជូញដូរចុងក្រោយ កាលពីម្សិលមិញ។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សនេះ ក៏បានធ្លាក់ចុះជាង ២០% កាលពីក្នុងខែមុនផងដែរ ដែលនាំឲ្យតម្លៃមូលធនទីផ្សាររបស់ Tesla ធ្លាក់ចុះទាបជាង ១ទ្រីលានដុល្លារជាលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក។

ជម្រាបជូនថា លោក Musk គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Tesla ស្របពេលលោក ក៏បានកាន់កាប់ប្រមាណ ៤២% នៃភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX ផងដែរ។ មហាសេដ្ឋីជនជាតិអាមេរិករូបនេះ ក៏មានភាគហ៊ុនច្រើនជាង ៧០% នៅក្នុងក្រុមហ៊ុនបណ្តាញសង្គម X និងមានប្រហែល ៦០% នៅក្នុង xAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តបង្កើតថ្មី និងជាម្ចាស់ក្រុមហ៊ុន Neuralink ផងដែរ៕