លោក ត្រាំ បញ្ជាក់ថាមេដឹកនាំអ៊ុយក្រែន នឹងធ្វើដំណើរមកអាមេរិក ដើម្បីចុះកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នឹងធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃសុក្រ ទី២៨ ខែកុម្ភ:ខាងមុខនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែកម្រ ខណៈមេដឹកនាំអ៊ុយក្រែនបាននិយាយថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះ នឹងពឹងផ្អែកលើកិច្ចពិភាក្សាទាំងនោះ និងការបន្តផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្រោមកិច្ចព្រមព្រៀងមួយដែលមេដឹកនាំអ៊ុយក្រែន បានហៅវាថាជា កិច្ចព្រមព្រៀមងបឋមនោះ នឹងមើលឃើញថារដ្ឋាភិបាលទីក្រុងគៀវ នឹងយល់ព្រមប្រគល់នូវប្រាក់ចំណូលមួយចំនួនពីធនធានរ៉ែកម្ររបស់ខ្លួន ទៅឲ្យមូលនិធិដែលគ្រប់គ្រងរួមគ្នា ដោយសហរដ្ឋអាមេរិក។

ទន្ទឹងមនឹងនេះ លោក ត្រាំ បាននិយាយថា លោក Zelensky នឹងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែកម្រ និងប្រធានបទផ្សេងទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក មកកាន់ទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងមិនផ្តល់ធានាសន្តិសុខទូលំទូលាយ ជុំវិញកិច្ចព្រមព្រៀងរ៉ែកម្រនេះនោះទេ។

លោក ត្រាំ បាន​​ប្រាប់​​ដោយ​មិន​បញ្ជាក់​លម្អិត​ថា​៖ “​ខ្ញុំ​នឹង​មិន​ធ្វើ​ការ​ធានា​សន្តិសុខ​ណាមួយលើស​ពី​នេះ​ទេ ព្រោះយើងមានបណ្តាប្រទេសនៅអឺរ៉ុប​នឹង​​ធ្វើ​​វា​ជំនួស​វិញ​​”។

ជម្រាបជូនផងដែរថា នៅក្នុងសុន្ទរកថាតាមរយ:វីដេអូ លោក Zelensky បាននិយាយថាកិច្ចពិភាក្សារវាងលោក ជាមួយនឹងប្រធានាធិបតីអាមេរិក នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានការធានាសន្តិសុខ ដើម្បីអាចធានាបានថាប្រទេសរុស្ស៊ីលែងបំផ្លាញអាយុជីវិតរបស់ប្រជាជាតិដទៃផ្សេងទៀត ហើយការបន្តជំនួយរបស់សហរដ្ឋអាមេរិកគឺជារឿងដ៏សំខាន់បំផុត៕