យោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញឲ្យដឹងថា ទំនិញរបស់ប្រទេសចិនដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក នឹងត្រូវបង់ពន្ធ ១០% បន្ថែមទៀត ដោយនឹងចាប់ផ្តើមអនុវត្តនៅដើមខែមីនានេះ តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social ប្រធានាធិបតីលោក ត្រាំ បានប្រកាសថា ផែនការដាក់ពន្ធ ២៥% លើការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដា ក៏នឹងចូលជាធរមាន នៅត្រឹមថ្ងៃទី៤ ខែមីនាតាមការគ្រោងទុកផងដែរ ដោយសារតែគ្រឿងញៀននៅតែត្រូវបានរត់ពន្ធចូលយ៉ាងច្រើនមកកាន់សហរដ្ឋអាមេរិក ពីប្រទេសទាំងពីរនេះ។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានប្រកាសនៅថ្ងៃដដែលនោះទៀតថា លោកនឹងដំឡើងពន្ធ ១០% បន្ថែមទៀតលើការនាំចូលទំនិញទាំងអស់របស់ចិន ពីលើពន្ធដែលមានស្រាប់។ កន្លងមក ការនាំចូលពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក តម្រូវឲ្យមានការបង់ពន្ធបន្ថែម ១០% ដែលត្រូវបានចូលជាធរមានចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈមក។
ដូច្នេះវាមានន័យថា ទំនិញចិនដែលនាំចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកឥឡូវនេះ អាចនឹងត្រូវជាប់ពន្ធនាំចូលដល់ទៅ ២០% គិតចាប់ពីខែមីនានេះតទៅ។
ជម្រាបជូនផងដែរថា ជុំវិញវិធានការដំឡើងពន្ធថ្មីបន្ថែមទៀតនេះ ប្រធានាធិបតីអាមេរិក បានពន្យល់ថា បរិមាណសារធាតុញៀនដែលហូរចូលទឹកដីអាមេរិកនៅតែមានកម្រិតមិនអាចទទួលយកបាន និងកម្រិតខ្ពស់។ លោក ត្រាំ ថែមទាំងបានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់ខ្លួនថា ៖”យើងមិនអាចអនុញ្ញាតសារធាតុញៀនទាំងនេះបន្តធ្វើឲ្យប៉ះពាល់ដល់អាមេរិកបានទេ។ ហើយផែនការពន្ធនាំចូលដែលនឹងត្រូវដាក់ចេញនៅថ្ងៃទី៤ ខែមីនា នឹងនៅតែអាចចូលជាធរមាន លុះត្រាតែមានការបញ្ឈប់លំហូរចូលនៃគ្រឿងញៀនទាំងនេះ៕