ផលិតកម្មក្រុមហ៊ុន Toyota ហក់ឡើងខ្ពស់ជាលើកដំបូងរយៈពេលមួយឆ្នាំ ក្នុងខែមករា

អន្តរជាតិ

ក្រុមហ៊ុន Toyota Motor បានបង្ហាញឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈថា ផលិតកម្មរបស់ខ្លួននៅទូទាំងសកលលោកបានកើនឡើងខ្ពស់ជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ គិតត្រឹមខែមករា ខណៈពេលដែលក្រុមហ៊ុន បានព្យាយាមបង្កើនផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ផលិកម្មរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេបំផុតរបស់ពិភពលោក សម្រាប់ខែមករា បានកើនឡើង ៦% ធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដល់ចំនួន ៧៨១ ៧២៩ គ្រឿង ជាមួយនឹងផលិតកម្មក្នុងស្រុកបានកើនឡើង ២២% ដែលបានប៉ះប៉ូវដល់ការធ្លាក់ចុះនៃផលិតកម្មនៅក្រៅប្រទេស។

ទន្ទឹមនឹងនេះ ផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើង ក៏បានកើនឡើង ៣% ផងដែរ នៅក្នុងខែមករា ដោយសារការកើនឡើងនៃផលិតកម្មនៅក្នុងប្រទេសម៉ិកស៊ិក ដែលជួយលុបបំបាត់ការធ្លាក់ចុះនៃផលិតកម្មនៅសហរដ្ឋអាមេរិក និងកាណាដា។

ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បានផលិតរថយន្តប្រហែល ២៦ ៥០០ គ្រឿងនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងខែមករា ពោលគឺបានកើនឡើងជិត ៣,៥ ដង បើធៀបទៅនឹងខែមករាដូចគ្នា កាលពីឆ្នាំមុន។ ក្រុមហ៊ុន Toyota បាននិយាយទៀតថា ការកើនឡើងនេះ គឺដោយសារតែការផ្លាស់ប្តូរនៅក្នុងផលិតកម្មកាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា ការលក់ជាសាកលរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលការលក់ក្នុងស្រុកបានកើនឡើង ១៣% ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះ ១៤% នៃការលក់នៅក្នុងប្រទេសចិន និងការធ្លាក់ចុះ ១% នៃការលក់នៅសហរដ្ឋអាមេរិក៕