ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្មីៗនេះ បានចេញមុខឆ្លើយតបវិញ ដោយនិយាយអរគុណសហរដ្ឋអាមេរិកចំពោះការគាំទ្ររបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងមូស្គូចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
ជុំវិញការលើកឡើងរបស់លោក Zelensky បែបនេះត្រូវបានធ្វើឡើង ក្រោយពីមានការប៉ះពាក្យសម្តីគ្នា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនិងអនុប្រធានាធិបតីលោក JD Vance រហូតឈានដល់ការបណ្តេញមេដឹកនាំអ៊ុយក្រែន ចេញពីសេតវិមាន ក្រោយកិច្ចប្រជុំធ្វើឡើងបានត្រឹមតែពាក់កណ្តាលទីប៉ុណ្ណោះ។
មិនយូរប៉ុន្មាន ក្រោយចប់ការជជែកគ្នាយ៉ាងតឹងសសៃក និងមានការបរាជ័យមិនធ្លាប់មានក្នុងកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក ត្រាំ មក មេដឹកនាំអ៊ុយក្រែន លោក Zelensky បានប្រើប្រាស់បណ្តាញសង្គម X ដោយសរសេររៀបរាប់ថា៖
“អរគុណចំពោះសហរដ្ឋអាមេរិក អរគុណសម្រាប់ការគាំទ្រ និងអរគុណសម្រាប់ដំណើរទស្សនកិច្ចនេះ។ ខ្ញុំសូមអរគុណចំពោះសភា និងប្រជាជនអាមេរិកដែលតែងតែបានជួយដល់យើង។ អ្វីដែលអ៊ុយក្រែនត្រូវការគឺសន្តិភាពយូរអង្វែង ហើយយើងកំពុងធ្វើការយ៉ាងពិតប្រាកដគ្រប់បែបយ៉ាងទាំងអស់ ដើម្បីទទួលបានសន្តិភាពនេះ” ។
គួរឲ្យដឹងផងដែរថា ក្នុងប៉ះសម្ដីគ្នាធ្ងន់ៗ លោក ត្រាំ បាននិយាយថា លោក Zelensky គ្មានសន្លឹកបៀរសំខាន់អ្វីទាំងអស់ និងកំពុងយកអាយុជីវិតប្រជាជនរាប់លាននាក់ទៅប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣។ ជាមួយគ្នានេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននោះដែរ បានចោទប្រកាន់ថាលោក Zelensky មិនបានផ្ដល់ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។
ក្រោយពីមានជម្លោះពាក្យសម្តីនោះ លោក Zelensky បានចាកចេញពីសេតវិមានទាំងកណ្ដាលទី ហើយក្រោយមក លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាមេដឹកនាំរបស់ប្រទេសអ៊ុយក្រែន អាចត្រឡប់ទៅកាន់សេតវិមានជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីចរចាសន្តិភាពឡើងវិញ៕