លោក Zelensky គ្រោងជួបស្តេច ​Charles និងមេដឹកនាំអឺរ៉ុបផ្សេងទៀតនៅអង់គ្លេស ក្រោយ​ល្អក់​កករ​ជាមួយ ត្រាំ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេរាយការណ៍ថា គ្រោងនឹងជួបជាមួយមេដឹកនាំប្រទេសក្នុងតំបន់អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅទីក្រុងឡុងដ៍ នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញជុំវិញកិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើង បន្ទាប់ពីភាពរកាំរកូសដ៏ធំមួយត្រូវបានផ្ទុះឡើងរវាងមេដឹកនាំអ៊ុយក្រែន ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យ Oval នៃសេតវិមាន កាលពីពេលថ្មីៗនេះ ដែលនាំឲ្យសម្ព័ន្ធមិត្តលោកខាងលិច ហាក់មានភាពច្របូកច្របល់ ស្របពេលផែនការនៃការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏បានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ ផងដែរ។

គួរឲ្យដឹងថា លោក Zelensky បានចុះចតនៅក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ មុនកិច្ចចរចាមួយនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះ ខណ:ពេលដែលប្រទេសលោកខាងលិចសង្ឃឹមថាវានឹងអាចស្តារសន្ទុះឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអាចទទួលយកបាន ពីកិច្ចប្រជុំដ៏សំខាន់នេះ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer និងមេដឹកនាំអ៊ុយក្រែន លោក Zelensky ក៏បានជួបប្រជុំគ្នា នៅ​ឯការិយាល័យ Downing Street ផងដែរកាលពីថ្ងៃសៅរ៍ និងជាកន្លែងដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ប្រាក់កម្ចីប្រមាណ ២,៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងការផលិតអាវុធ។ បើតាមការបញ្ជាក់ពីប្រភពផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្តេច Charles ក៏ទទួលយកការអញ្ជើញឲ្យជួបពិភាក្សា ជាមួយលោក Zelensky នៅក្នុងកិច្ចប្រជុំនោះផងដែរ។

ជម្រាបជូនផងដែរថា បើតាមការិយាល័យ Downing Street បានបង្ហាញឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានគោលដៅសំខាន់ៗចំនួនបីដែលនឹងត្រូវលើកយកមកពិភាក្សា ដោយទីមួយគឺតម្រូវការរយៈពេលខ្លីរបស់អ៊ុយក្រែន ទីពីរ គឺការធានាបាននូវកិច្ចព្រមព្រៀងយូរអង្វែងដើម្បីបញ្ចប់ជម្លោះ និងទីបី ការរៀបចំផែនការសម្រាប់ការធានាបាននូវសន្តិសុខដ៏រឹងមាំ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer បាននិយាយទៀតថា ៖”នៅក្នុងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តរបស់យើង យើងត្រូវពង្រឹងការត្រៀមលក្ខណៈរបស់យើងសម្រាប់ការធានាសន្តិសុខរបស់អឺរ៉ុប រួមជាមួយនឹងការបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិក។ នៅពេលនេះជាពេលដែលយើងត្រូវរួបរួមគ្នា ដើម្បីធានានូវលទ្ធផលល្អបំផុតសម្រាប់អ៊ុយក្រែន ការពារសន្តិសុខអឺរ៉ុប និងធានាអនាគតរួមរបស់យើងទាំងអស់គ្នា”៕