ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន ២,៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សមត្ថការពារជាតិរបស់ប្រទេសអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelensky ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ជុំវិញប្រាក់កម្ចីចុងក្រោយនេះ ត្រូវបានធ្វើឡើងដើម្បីសងត្រលប់ទៅវិញ ដោយប្រាក់ចំណូលពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទុក។ ចក្រភពអង់គ្លេសបានហៅកិច្ចព្រមព្រៀងនេះថា ជាការបង្ហាញពីការគាំទ្រជាបន្តបន្ទាប់ និងមិនងាករេសម្រាប់ប្រជាជនអ៊ុយក្រែន។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីលោក Zelensky បានប្រកាសថា លោកនឹងប្រើប្រាស់ប្រាក់កម្ចីដែលផ្តល់ឲ្យពីចក្រភពអង់គ្លេសនេះ ដើម្បីយកទៅផលិតអាវុធនៅក្នុងស្រុក។ មេដឹកនាំកំពូលរបស់អ៊ុយក្រែនរូបនេះ ក៏បានបង្ហាញការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអង់គ្លេសផងដែរសម្រាប់ការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃដំបូងនៃជម្លោះមក។
គួរឲ្យដឹងផងដែរថា បន្ទាប់ពីមានជម្លោះជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមានមក លោក Zelensky បានធ្វើដំណើរទៅទស្សនកិច្ចនៅចក្រភពអង់គ្លេស ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ អ្នកគាំទ្រជាច្រើនបានតម្រង់ជួរមុខការិយាល័យ Downing Street ដោយបង្ហាញការអបអរនៅពេលដែលរថយន្តរបស់ប្រធានាធិបតីអ៊ុយក្រែន បានបើកចូលមក។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់ទៅកាន់ប្រធានាធិបតី លោក Zelensky ក្នុងអំឡុងពេលចុះកិច្ចព្រមព្រៀងនោះថា៖ “អ្នកពិតជាទទួលបានការស្វាគមន៍ខ្លាំងកក់ក្តៅបំផុត នៅ Downing Street ។ ដូចដែលអ្នកបានឮពីការអបអរសាទរនៅខាងក្រៅការិយាល័យអ៊ីចឹង អ្នកមានការគាំទ្រពីចក្រភពអង់គ្លេស ហើយយើងនឹងបន្តឈរជាមួយអ្នក និងជាមួយអ៊ុយក្រែនឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន៕