Zelensky នៅតែចង់ចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអាមេរិក ទោះបីទាស់ពាក្យសម្តីជាមួយលោក ត្រាំ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ជាមួយសហរដ្ឋអាមេរិក ក៏ដូចជា​ស្តា​ទំនាក់ទំនងជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ឡើងវិញផងដែរ បន្ទាប់ពីមានការទាស់ទែងសម្តីគ្នា អំឡុងកិច្ចប្រជុំនៅសេតវិមានកាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសជាមួយសារព័័ត៌មាន BBC កាលពីថ្ងៃទី២ ខែមីនាថា ៖”គោលនយោបាយរបស់យើង គឺដើម្បីបន្តនូវអ្វីដែលយើងធ្លាប់បានធ្វើពីអតីតកាល ហើយអ៊ុយក្រែននៅតែមានជំហរស្ថាបនាមួយ។ ប្រសិនបើយើងដាក់ចិត្តថាយល់ព្រមលើកិច្ចព្រមព្រៀងរ៉ែកម្រនេះហើយ យើងក៏ត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើវាផងដែរ។ ឯកសារផ្សេងៗនឹងត្រូវបានអនុម័តប្រសិនបើភាគីទាំងអស់បានត្រៀមខ្លួនជាស្រេចនោះ” ។

យ៉ាងណាមិញជុំវិញការលើកឡើងរបស់លោក Zelensky បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មានសួរអំពីអនាគតនៃកិច្ចព្រមព្រៀងរ៉ែកម្រ ចំពេលមានសញ្ញាដែលសេតវិមានចង់ឲ្យអ៊ុយក្រែនធ្វើសម្បទាន។

ទន្ទឹមនឹងនេះ មេដឹកនាំកំពូលរបស់ប្រទេសអ៊ុយក្រែនរូបនេះ បានបង្ហាញការជឿទៀតថា ទំនាក់ទំនងជាមួយរវាងលោក ជាមួយនឹងប្រធានាធិបតីលោក ត្រាំ អាចនឹងត្រូវបានស្តាឡើងវិញ ជាពិសេសបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាបែកផ្សែង អំឡុងកិច្ចប្រជុំដ៏សំខាន់មួយ ត្រូវបានរៀបចំធ្វើឡើងនៅការិយាល័យ Oval នៃសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភ:កន្លងទៅ។

ជាមួយគ្នានេះ លោក Zelensky បាននិយាយទៀតថា ៖”ខ្ញុំគិតថាទំនាក់ទំនងរបស់យើងនឹងត្រូវបានបន្ត។ ហើយចំពោះអ្វីដែលបានកើតឡើងនោះ វានឹងមិននាំមកនូវផលអវិជ្ជមានដល់ភាគីទាំងពីរ ក្នុងនាមជាដៃគូយូរអង្វែងនោះឡើយ”។

ជម្រាបជូនផងដែរថា ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យ Oval កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនោះ បានចាប់ផ្តើមដំណើរការយ៉ាងល្អ ប៉ុន្តែក្រោយមកប្រែទៅជារឿងដ៏តានតឹងទៅវិញ នៅពេលដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់អ៊ុយក្រែន និងរដ្ឋបាលអាមេរិកពីមុនរបស់លោក ចូ បៃដិន ថាបានរារាំងការទូត។ ហើយទន្ទឹមនឹងនេះ លោក Zelensky ក៏បានចោទសួរលោក Vance វិញ អំពីគោលនយោបាយការបរទេស និងការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកតែម្តង៕