មហាសេដ្ឋីមានដាច់គេបំផុតនៅលើពិភពលោក Elon Musk កាលពីថ្ងៃទី២ ខែមីនាកន្លងទៅនេះ បានបង្ហាញការគាំទ្ររបស់ខ្លួនជាសាធារណ: ពាក់ព័ន្ធជាមួយនឹងទៅនឹងការបង្ហោះសារមួយនៅលើបណ្តាញសង្គម X ដើម្បីអំពាវនាវឲ្យសហរដ្ឋអាមេរិក ចេញចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។
ជុំវិញការបង្ហោះសារមួយពីសំណាក់អ្នកនយោបាយស្តាំនិយមម្នាក់ នៅលើបណ្តាញសង្គម X ដោយសរសេរថា ៖”វាដល់ពេលហើយ សម្រាប់សហរដ្ឋអាមេរិកក្នុងការចាកចេញពីណាតូ និងអង្គការសហប្រជាជាតិ”។ ស្រាប់តែភ្លាមនោះ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ក៏បានចូលទៅឆ្លើយតបវិញថា “ខ្ញុំយល់ស្របទាំងស្រុងចំពោះរឿងនេះ” ។
គួរឲ្យដឹងផងដែរថា ជុំវិញព័ត៌មាននេះបានកើតឡើង បន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើន បានដាក់ញត្តិស្តីពីការចាកចេញរបស់សហរដ្ឋអាមេរិក ពីអង្គការសហប្រជាជាតិ ដោយអះអាងថាអង្គការនេះមិនស្របតាមរបៀបវារៈ “America First” របស់រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ នោះឡើយ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ក៏ស្ថិតក្នុងចំណោមប្រទេសមួយចំនួន រួមមានរុស្ស៊ី បេឡារុស អ៊ីស្រាអែល និងហុងគ្រីដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីចុងខែកុម្ភៈ ជុំវិញការថ្កោលទោសចំពោះការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនថែមទៀតផង។
យ៉ាងណាមិញ លោក Musk បច្ចុប្បន្នត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានក្តោបក្តាប់លើការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលបានយ៉ាងច្រើន ជាពិសេសរួមទាំងការបិទស្ថាប័នរដ្ឋធំៗមួយចំនួន និងរួមទាំងកាត់បន្ថយជំនួយបរទេស ផងដែរ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ប្រទេសជាសមាជិកណាតូម្តងហើយម្តងទៀតចំពោះការខ្វះខាតការរួមចំណែករបស់ពួកគេចំពោះសម្ព័ន្ធភាពយោធា ហើយបានអំពាវនាវឲ្យមានគោលដៅចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប សម្រាប់សមាជិកទាំងអស់។
ជម្រាបជូនថា ទាំងអង្គការណាតូ និងអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលឈ្នះនៅក្នុងសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ ក៏ដូចជាដើម្បីការពារកុំឲ្យកើតមានសង្គ្រាមលោកណាមួយផ្សេងទៀត ផងដែរ៕