ម៉ាឡេស៊ី នៅតែជាប់ជាគោលដៅកំពូលសម្រាប់ក្រុមវិនិយោគិនអឺរ៉ុប និងអាមេរិក មកបណ្តាក់ទុនរកស៊ី

អន្តរជាតិ

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ឲ្យដឹងថា ប្រទេសម៉ាឡេស៊ី នៅតែជាប់ជាគោលដៅកំពូលសម្រាប់ក្រុមអ្នកវិនិយោគអឺរ៉ុប និងអាមេរិក បើទោះបីជាប្រទេសនេះ បានចូលរួមជាមួយប្លុក BRICS ក្នុងនាមជាប្រទេសដៃគូក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) របស់ម៉ាឡេស៊ី នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរមួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សភា បានជូនដំណឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ គម្រោងដ៏មានសក្តានុពលសរុបចំនួន ៥៦ ជាមួយនឹងទុនវិនិយោគសរុបជិត ២០ពាន់លានរីងហ្គីត (៤,៤ពាន់លានដុល្លារ) ត្រូវបានកំណត់ឲ្យអនុវត្តនៅក្នុងប្រទេស។

ប្រភពដដែលនេះ បាននិយាយទៀតថាក្រុមហ៊ុនអន្តរជាតិធំៗដូចជា Intel, Amazon Web Services, Oracle, Google និង Plexus សុទ្ធសឹងតែបានបន្តប្តេជ្ញាចិត្ត ក្នុងការវិនិយោគ ឬបង្កើនការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅចម្បងមួយសម្រាប់ក្រុមហ៊ុនអាមេរិកជាង ៦០០ ។

មិនតែប៉ុណ្ណោះ យោងតាមក្រសួង ការចូលរួមជាប្រទេសដៃគូរបស់ម៉ាឡេស៊ីនៅក្នុងប្លុក BRICS ក៏បើកចំហរទីផ្សារកាន់តែទូលំទូលាយជាមុនផងដែរ ជាពិសេសជាមួយប្រទេសដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ាឡេស៊ី ដូចជា រុស្ស៊ី ប្រេស៊ីល អាហ្រ្វិកខាងត្បូង និងឥណ្ឌា ​ជាដើម។

ជម្រាបជូនថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មរបស់ម៉ាឡេស៊ី ជាមួយសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣២៥ពាន់លានរីងហ្គីត (៧៨ពាន់លានដុល្លារ) កើនឡើង ៣០% និងជាមួយបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត បានកើនឡើង ២៦៣ពាន់លានរីងហ្គីត (៥៨,៩ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៤% បើធៀបទៅនឹងឆ្នាំ២០២៣៕