អ្នកវិនិយោគចាស់វស្សា Warren Buffett ដែលជាស្ថាបនិកក្រុមហ៊ុនលំដាប់កំពូល Berkshire Hathawayកាលពីពេលថ្មីៗនេះ បានចេញមុខនិយាយពីទស្សន:របស់ខ្លួនមួយចំនួន នៅក្នុងការបញ្ចេញមតិជាសាធារណ:លើកដំបូងរបស់លោក ស្តីពីការគោលនយោបាលពាណិជ្ជកម្មថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ លោក Warren Buffett បានចូលរួមនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន CBS ដោយក្នុងអំឡុងពេលសន្ទនានោះ លោកបានធ្វើអត្ថាធិប្បាយដ៏កម្រមួយចំពោះផែនការពន្ធគយនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
យ៉ាងណាមិញ នៅពេលត្រូវបានគេសួរនាំអំពីផលប៉ះពាល់នៃផែនការពន្ធគយទាំងនេះ ទៅលើសេដ្ឋកិច្ច មហាសេដ្ឋីវ័យ ៩៤ឆ្នាំរូបនេះ បានឆ្លើយតបវិញថា ៖”យើងពិតជាមានបទពិសោធជាច្រើនជាមួយនឹងពន្ធនាំចូល។ ហើយសម្រាប់ពន្ធគយនាំចូលនៅក្នុងកម្រិតខ្លះ អាចត្រូវបានចាត់ទុកថាជាទង្វើមួយនៃសង្គ្រាម។ ក្នុងផ្នែកសេដ្ឋកិច្ច អ្នកតែងតែសួរថា តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?”។
គួរឲ្យដឹងថា នេះជាលើកទីមួយហើយដែលលោក Buffett បានចូលរួមបញ្ចេញមតិជាសាធារណៈលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ បែបនេះ។
កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា ពន្ធនាំចូល ២៥% លើទំនិញពីម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែមីនាតទៅ។ ហើយជាមួយគ្នានោះ ប្រទេសចិនក៏នឹងទទួលរងផលប៉ះពាល់ជុំវិញការដាក់ពន្ធ ១០% បន្ថែមទៀត នៅថ្ងៃដូចគ្នានោះផងដែរ។
ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក Buffett គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការលើវិស័យធំៗជាច្រើន រាប់ចាប់ពីការធានារ៉ាប់រង ផ្លូវដែក ផលិតកម្ម ថាមពល រហូតដល់ការលក់រាយ។ លោក Buffett បច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុប ១៦១ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី៧ នៅលើពិភពលោក៕