មហាសេដ្ឋីសិង្ហបុរី លោក Peter Lim កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់លក់ក្លិបបាល់ទាត់ Valencia CF នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
បើយោងតាមការចុះផ្សាយដាច់ដោយឡែកមួយពី COPE បានបង្ហាញឲ្យដឹងទៀតថា បច្ចុប្បន្ននេះ លោក Lim កំពុងកំណត់តម្លៃទៅលើក្លិប Valencia នៅក្នុងចំនួនទឹកប្រាក់ ៤០០លានអឺរ៉ូ ឬស្មើទៅនឹងប្រមាណជាង ៤១៥លានដុល្លារអាមេរិក។
យ៉ាងណាមិញ មហាសេដ្ឋីជនជាតិកាតា និងជាប្រធានក្លិបបាល់ទាត់បារាំង PSG លោក Nasser Al Khelaifi ត្រូវបានគេនិយាយថា ស្ថិតនៅក្នុងចំណោមអ្នកវិនិយោគធំៗផ្សេងទៀតដែលបង្ហាញចំណាប់អារម្មណ៍លើកិច្ចព្រមព្រៀងទិញយកក្លិបអេស្ប៉ាញនេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Al Khelaifi ហាក់នៅមិនទាន់ទទួលបានការផ្តល់ជូនសំណើជាផ្លូវការណាមួយ នៅឡើយទេ។
គួរឲ្យដឹងផងដែរថា នៅខែតុលា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ថា លោក Lim កំពុងពិចារណាដាក់លក់ក្លិប Valencia ជាលើកដំបូង។ នៅពេលនោះ ស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបហាក់ស្ថិតក្នុងហានិភ័យ ដោយសារតែបំណុលកើនឡើងដល់ទៅជាង ៣៤០លានអឺរ៉ូ និងគម្រោងនៅមិនទាន់ត្រូវបានបញ្ចប់សម្រាប់ការសាងសង់កីឡដ្ឋានថ្មីរបស់ពួកគេនៅឡើយ។
ជាងនេះទៅទៀត ក្រោមការគ្រប់គ្រងរបស់លោក Lim អស់រយៈពេល ១០ឆ្នាំកន្លងមក ក្លិប Valencia បានធ្លាក់ចុះភាពជាក្រុមខ្លាំងរបស់ខ្លួននៅ La Liga មកជាក្រុមឈរពាក់កណ្តាលតារាងវិញ បន្ទាប់ពីក្លិបបានបង្ខំចិត្តលក់កីឡាករសំខាន់ៗជាច្រើន ដើម្បីជួយដោះស្រាយបំណុល និងរក្សាស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប ផងដែរ។
ជម្រាបជូនផងដែរថា លោក Lim បច្ចុប្បន្នវ័យ ៧១ឆ្នាំ គឺជាអ្នកវិនិយោគឯកជនមួយរូបដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៦ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៥ នេះ ខណ:បុរសសញ្ជាតិសិង្ហបុរីរូបនេះ ក៏ជាម្ចាស់ភាគហ៊ុនធំរបស់ក្លិបបាល់ទាត់អង់គ្លេស Salford City ផងដែរ៕