សហរដ្ឋអាមេរិក ផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយជម្លោះរវាងលោក ត្រាំ និង Zelensky

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងផ្អាកផ្តល់ជំនួយទាំងអស់ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងគោលបំណងដើម្បីធានាបានថាខ្លួនកំពុងចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីណាមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ យោងតាមមន្ត្រីសេតវិមានដែលមិនត្រូវបានបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅថា ៖” ប្រធានាធិបតី​លោក ដូណាល់ ត្រាំ​បានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងផ្តោតទៅលើសន្តិភាពជាចម្បង។ យើងត្រូវការដៃគូរបស់យើង ដើម្បីប្តេជ្ញាចិត្តចំពោះគោលដៅនោះ។ ហើយយើងក៏កំពូងផ្អាក និងពិនិត្យមើលជំនួយរបស់យើងឡើងវិញ ដើម្បីធានាបានថាជំនួយទាំងនោះនឹងរួមចំណែកដល់ដំណោះស្រាយណាមួយ”។

យ៉ាងណាមិញ ជុំវិញចំណាត់ការ​ផ្អាក​ជំនួយ​នេះ ត្រូវបាន​កើតឡើង ​បន្ទាប់ពី​រដ្ឋបាល​អាមេរិក​បាន​ផ្លាស់ប្តូរ​ទិសដៅ និង​ប្រកាន់​ជំហរ​ផ្សះផ្សា​បន្ថែមទៀត​ចំពោះ​រុស្ស៊ី ក៏ដូចជា​បន្ទាប់ពី​មាន​ការប៉ះពាក្យសម្តីគ្នា​ដ៏​តានតឹងបំផុត​រវាង​ប្រធានាធិបតី លោក និងមេដឹកនាំកំពូលអ៊ុយក្រែន ​លោក Zelensky នៅ​ឯសេតវិមាន​ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។

ក្នុងជម្លោះនោះ ប្រធានាធិបតីលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែនថាជាមនុស្សមិនដឹងគុណ ចំពោះការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើទីក្រុងគៀវនៅក្នុងសង្គ្រាម។ លោក ត្រាំ ក៏បាននិយាយបន្ថែមទៀតថា ប្រធានាធិបតីអ៊ុយក្រែនគួរតែមានការកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នៅតែអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយគ្នាឡើងវិញបាន បើទោះបីជាលោកមានការខកចិត្តខ្លាំងជាមួយរដ្ឋភិបាលទីក្រុងគៀវក៏ដោយ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយកាលពីថ្ងៃទី៣ ខែមីនាថា លោកបានត្រៀមខ្លួនជាស្រេចហើយដើម្បីជួបជាមួយភាគីអាមេរិកម្តងទៀត ប្រសិនបើត្រូវបានអញ្ជើញ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា ជំនួបសារនេះ ត្រូវតែជាការពិភាក្សាដ៏​ម៉ឺងម៉ាត់​ជាទីបំផុត៕