មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk និងត្រូវបានគេស្គាល់ថាជាទីប្រឹក្សាដ៏ជិតស្ធិទ្ធបំផុតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ទៅលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាមានចេតនាមិនចង់ឲ្យសង្គ្រាមបញ្ចប់នោះឡើយ ដោយសារតែរូបលោក ខ្លាចបាត់បង់តំណែង និងអំណាចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
ដោយបានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នាថ្ងៃទី៤ ខែមីនានេះ លោក Musk ដែលជាប្រធានការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បាននិយាយថា៖” លោក Volodymyr Zelensky ប្រហែលជាចង់ឲ្យមានសង្គ្រាមជារៀងរហូត ដែលវាហាក់ដូចជាម៉ាស៊ីនកិនសាច់ដែលមិនចេះឈប់ឈរ”។
មិនតែប៉ុណ្ណោះ លោក Musk ក៏បានរម្លឹកឡើងមកវិញនូវការបង្ហោះសារមួយរបស់ខ្លួន កាលពីឆ្នាំ២០២២ ដោយអំពាវនាវឲ្យមានការបោះឆ្នោតនៅអ៊ុយក្រែន និងថែមទាំងបានស្នើសុំឲ្យរដ្ឋាភិបាលទីក្រុងគៀវប្រកាសអព្យាក្រឹត ដោយទទួលស្គាល់តំបន់ Crimea ជាទឹកដីរបស់រុស្ស៊ី។
មហាសេដ្ឋីដែលជាស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ ក៏បានយល់ស្របជាមួយការបង្ហោះសារមួយនៅលើបណ្តាញសង្គម X ដោយនិយាយថា ប្រធានាធិបតីលោក Zelensky មិនចង់ឲ្យសង្រ្គាមបញ្ចប់នោះទេ ព្រោះវាអាចនឹងធ្វើឲ្យលោកបាត់បង់អំណាច និងជំហរនៅលើឆាកអន្តរជាតិ។
លោក Musk បាននិយាយទៀតថា មេដឹកនាំនៅអ៊ុយក្រែនបច្ចុប្បន្ន គួរតែត្រូវបានផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសអព្យាក្រឹត ហើយព្យាយាមត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរប្រជាធិបតេយ្យប្រកបដោយសន្តិវិធី នៅអ៊ុយក្រែនជំនួសវិញល្អជាង។
ជម្រាបជូនផងដែរថា ជុំវិញការបង្ហោះសារជាបន្តបន្ទាប់របស់លោក Musk នេះត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ បានរិះគន់ជាសាធារណៈនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែន លោក Zelensky ដែលនិយាយថាការបញ្ចប់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺនៅតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយខ្លាំងណាស់។ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបាននិយាយទៀតថា ភាគីមួយចំនួនហាក់ដូចជាមិនចង់ឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន នោះឡើយ៕