កាណាដា និងចិន ចាប់ផ្តើមដាក់ពន្ធគយសងសឹកទៅលើទំនិញរបស់សហរដ្ឋអាមេរិកវិញ

អន្តរជាតិ

ភ្លាមៗបន្ទាប់ពីផែនការពន្ធគយនាំចូលរបស់សហរដ្ឋអាមេរិក ត្រូវបានចូលជាធរមានមក ប្រទេសកាដាណា និងចិន ក៏បានដាក់ចេញនូវវិធានការពន្ធគយរបស់ខ្លួនចន្លោះពី ១០-២៥% លើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកវិញផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ចាប់ពីម៉ោង 00:00 ថ្ងៃទី៤ ខែមីនាតទៅ ទំនិញទាំងអស់មកពីម៉ិកស៊ិក និងកាណាដាដែលនាំចូលទៅកាន់ទឹកសហរដ្ឋអាមេរិក នឹងត្រូវជាប់ពន្ធគយថ្មីនេះ។ នៅក្នុងនោះ ថាមពលដែលនាំចូលពីប្រទេសកាណាដា នឹងតម្រូឲ្យមានការបង់ពន្ធបន្ថែមចំនួន ១០% ស្របពេលផលិតផលរបស់ប្រទេសម៉ិកស៊ិក និងកាណាដាផ្សេងទៀត ដែល​នាំ​ចូល​អាមេរិក​ នឹង​ត្រូវ​យក​ពន្ធ​បន្ថែម ២៥%។

លើសពីនេះ ទំនិញចិនទាំងអស់ក៏នឹងត្រូវបង់ពន្ធបន្ថែម ១០% ផងដែរ ដែលនាំឲ្យអត្រាពន្ធបន្ថែមសរុបឈានដល់កម្រិត ២០% ក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់ថ្មីជុំវិញការ​ដាក់​ពន្ធថ្មីបន្ថែម​នេះ​ កាលពី​ថ្ងៃ​ទី៣ ខែ​មីនាកន្លងទៅ។

យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីផែនការពន្ធគយរបស់លោក ត្រាំ ចូលជាធរមាន កាណាដា ក៏បានប្រកាសដាក់ពន្ធសងសឹក ២៥% លើទំនិញរបស់អាមេរិកដែលមានតម្លៃជាង ២០ពាន់លានដុល្លារផងដែរ។ មិនតែប៉ុណ្ណោះ ផែនការដាក់ពន្ធគយថ្មីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតផលសរុបចំនួនជាង ១ ២០០ មុខ ដោយក្នុងនោះក៏រួមមាន ទឹកក្រូច ប៊ឺ សណ្តែកដី ស្រា ស្រាបៀរ កាហ្វេ ទំនិញប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ ស្បែកជើង ម៉ូតូ គ្រឿងសំអាង ឈើ និងក្រដាសជាដើម។

ជាមួយគ្នានេះ រដ្ឋាភិបាលរបស់ប្រទេសចិន ក៏បានប្រកាសវិធានការសងសឹកភ្លាមៗវិញផងដែរ ខណ:ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះបាននិយាយថា ខ្លួននឹងដាក់ពន្ធនាំចូលបន្ថែមពី ១០-១៥% លើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១០ ខែមីនាតទៅ។ ក្នុងនោះទំនិញមួយចំនួនដូចជា សណ្តែកសៀង សណ្តែកសៀង សាច់គោ សាច់ជ្រូក អាហារសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោ នឹងត្រូវជាប់ពន្ធ ១០% ស្របពេលអត្រាពន្ធលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាស គឺមានចំនួន ១៥% ។

ជម្រាបជូនទៀតផងដែរថា ក្រសួងពាណិជ្ជកម្មចិន ក៏បានដាក់បញ្ចូលក្រុមហ៊ុនអាមេរិកចំនួន ១៥ បន្ថែមទៀត ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួន ផងដែរ។ ស្របពេលទីភ្នាក់ងារនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងរបស់ខ្លួនដាច់ខាត ចំពោះការដំឡើងពន្ធដោយឯកតោភាគីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន៕