រដ្ឋាភិបាលរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថាខ្លួនគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១៥៣លានបាត (៤,៥លានដុល្លារ) សម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ដោយសង្ឃឹមថាអាចនឹងរកប្រាក់ចំណូលបានមកវិញច្រើនជាង ៣ពាន់លានបាត (ជាង ៨៨លានដុល្លារ) ពីការចំណាយរបស់ភ្ញៀវទេសចរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជាមួយគ្នានេះ គណ:រដ្ឋមន្ត្រីថៃ បាននយាយកាលពីពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra បានបើកភ្លើងខៀវឲ្យក្រសួងទេសចរណ៍ និងកីឡា ប្រើប្រាស់ថវិកាពីស្ថាប័នកណ្តាល ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសង្ក្រាន្ត នៅទីក្រុងបាងកក នាខែក្រោយនេះ។
យ៉ាងណាមិញពិធីបុណ្យដែលត្រូវបានគេឲ្យឈ្មោះថា Maha Songkran World Water Festival 2025 នេះ នឹងត្រូវប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១១-១៥ ខែមេសា នៅសួន Sanam Luang នៃទីក្រុងបាងកកតែម្តង។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ។
មិនតែប៉ុណ្ណោះ គណៈរដ្ឋមន្ត្រីថៃបានបង្ហាញក្តីរំពឹងទុកខ្ពស់ថា កម្មវិធីនេះនឹងអាចលើកកម្ពស់វិស័យទេសចរណ៍បន្ថែមទៀត ជាមួយនឹងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស ក្នុងចំនួនប្រហែល ៨សែននាក់ ឲ្យចូលរួមក្នុងសកម្មភាពនេះ ហើយថែមទាំងអាចចំណាយទឹកប្រាក់ក្នុងចំនួនប្រមាណ ៣,២ពាន់លានបាត ផងដែរ៕