រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៥ ខែមីនា បានឲ្យដឹងថាប្រទេសរបស់ខ្លួន គ្រោងនឹងបង្កើតមូលនិធិគោលនយោបាយថ្មីមួយដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ ៣៤ពាន់លានដុល្លារ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនក្នុងស្រុកដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាយុទ្ធសាស្រ្ត ដូចជាបន្ទះឈីប និងរថយន្តជាដើម ចំពេលកំពុងមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការប្រកាសចេញកញ្ចប់ថវិកាថ្មីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា ៖”ការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រជឿនលឿន បានលេចចេញឡើងជាស្នូលនៃសន្តិសុខសេដ្ឋកិច្ចជាតិ ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ពីប្រទេសខាងក្រៅ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ថែមទាំងបានហៅការប្រកួតប្រជែងក្នុងឧស្សាហកម្មនេះថាជា សង្រ្គាមដោយគ្មានផ្សែងកាំភ្លើង ។
គួរឲ្យដឹងផងដែរថា ចាប់តាំងពីបានវិលចូលកាន់តំណែងនៅសេតវិមាន កាលពីក្នុងខែមករាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តួចផ្តើមការគំរាមកំហែងពន្ធគយជាបន្តបន្ទាប់ដែលផ្តោតលើដៃគូពាណិជ្ជកម្មសំខាន់ៗ និងឧស្សាហកម្មផ្សេងៗដូចជា បន្ទះឈីបសៀគ្វី យានយន្ត និងជីវឱសថ ជាដើម។
យ៉ាងណាមិញ ជុំវិញការផ្តល់មូលនិធិចំនួន ៥០ទ្រីលានវ៉ុន (ប្រមាណជាង ៣៤ពាន់លានដុល្លារ) របស់ធនាគារអភិវឌ្ឍន៍កូរ៉េដែលគ្រប់គ្រងដោយរដ្ឋនេះ នឹងត្រូវបានផ្តល់ជូនទៅកាន់ក្រុមហ៊ុនក្នុងស្រុកដែលធ្វើប្រតិបត្តិការនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្ររបស់ជាតិក្នុងទម្រង់ជាប្រាក់កម្ចីការប្រាក់ថោក និងការវិនិយោគផ្សេងទៀតៗ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ជម្រាបជូនផងដែរថា ឧស្សាហកម្មយុទ្ធសាស្ត្ររបស់ជាតិទាំងនោះ រួមមានដូចជាបន្ទះឈីប semiconductors, យានយន្តនាពេលអនាគត, អាគុយ, ជីវឱសថ, យានអាវកាស និង AI ជាដើម។ ហើយចំពោះកញ្ចប់ជំនួយហិរញ្ញវត្ថុដែលបានរៀបចំជាពិសេសសម្រាប់ឧស្សាហកម្មបន្ទះឈីប semiconductor កាលពីឆ្នាំមុននោះ ក៏នឹងត្រូវបានបញ្ចូលទៅក្នុងមូលនិធិថ្មីនេះ ផងដែរ៕