ប្រតេសចិន កាលពីពេលថ្មីៗនេះ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងរង្វង់ ៥% នៅឆ្នាំ២០២៥ នេះ ពោលគឺដូចគ្នាទៅនឹងឆ្នាំមុនដែរ បើទោះបីជាមានបញ្ហាប្រឈមជាច្រើនទាំងនៅក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅថ្ងៃទី៥ ខែមីនានេះ ក្នុងអំឡុងពិធីបើកសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រកាសថា គោលដៅកំណើន GDP របស់ប្រទេសសម្រាប់ឆ្នាំ២០២៥ នេះ គឺប្រហែល ៥% ហើយគោលដៅនេះ គឺដូចគ្នាទៅនឹងឆ្នាំមុនដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក Alex Loo ដែលជាអ្នកយុទ្ធសាស្រ្តទីផ្សារប្តូរប្រាក់បរទេស និងសេដ្ឋកិច្ចម៉ាក្រូប្រចាំនៅក្រុមហ៊ុន TD Securities បាននិយាយថា គោលដៅដ៏ធំនេះ អាចជាកិច្ចការដ៏លំបាកសម្រាប់អាជ្ញាធរ ដោយសារមានបញ្ហាប្រឈមជាច្រើនរបស់ប្រទេសចិនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីចិន ក៏បានទទួលស្គាល់ថាការប្រើប្រាស់នៅក្នុងប្រទេស កំពុងនៅឈរទ្រឹង និងបានដាក់សម្ពាធលើការបង្កើតការងារ និងកំណើនប្រាក់ចំណូល។ ប៉ុន្តែលោក Li Qiang បានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីជំរុញតម្រូវការគ្រួសារឲ្យកាន់តែខ្លាំង។
លោក Li បាននិយាយទៀតថា ៖”ការផ្លាស់ប្តូរនៅក្នុងពិភពលោកកំពុងកើតឡើងក្នុងល្បឿនយ៉ាងលឿន។ បរិយាកាសខាងក្រៅកាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពយ៉ាប់យ៉ឺន និងស្មុគ្រស្មាញ ដែលអាចដាក់សម្ពាធកាន់តែខ្លាំងលើវិស័យធំៗជាច្រើនរបស់ប្រទេសចិន ដូចជាពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។
ជម្រាបជូនថា កាលពីឆ្នាំមុន GDP របស់ប្រទេសចិន បានកើនឡើង ៥% បំពេញតាមគោលដៅកំណើនរបស់ខ្លួន ដោយសារតែដាក់ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់ដែលត្រូវបានចាប់ផ្តើមនៅក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំមុន។ហើយអត្រាកំណើននេះ ក៏ស្ថិតក្នុងចំណោមអត្រាកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុត នៅលើពិភពលោកផងដែរ៕