ស្ងាត់ៗ រុស្ស៊ី និងមីយ៉ាន់ម៉ា ឈានដល់ការចុះកិច្ចព្រមព្រៀងសង់រោងចក្រនុយក្លេអ៊ែរ

អន្តរជាតិ

រុស្ស៊ី និងមីយ៉ាន់ម៉ា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា លើការសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា រុស្ស៊ី និងមីយ៉ាន់ម៉ា ធ្លាប់បានពិភាក្សាគ្នាជាយូរមកហើយអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអានុភាពតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញដល់ការផ្តល់ថាមពលដែលមានតម្លៃថោក និងសុវត្ថិភាពដល់បរិស្ថាន នៅក្នុងប្រទេសនេះ។

ហើយយ៉ាងណាមិញ បន្ទាប់ពីមានកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេសទាំងពីរបានថ្លែងប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងមួយដែលស្តីពីការសាងសង់រោងចក្រនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ានោះ ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ។

គួរឲ្យដឹងផងដែរថា រុស្ស៊ីបាននឹងកំពុងជួយដល់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ហើយថែមទាំងបានសម្តែងការគាំទ្រចំពោះការកែលម្អស្ថានភាពផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍រួមមួយ ក៏បានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ សំដៅលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ផងដែរ។

ជម្រាបជូនថា កាល​ពី​ឆ្នាំ​មុន ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរ បាន​កើន​ឡើង​ប្រមាណ ៤០% រហូត​ដល់ចំនួនប្រមាណ ២ពាន់​លាន​ដុល្លារ។ ប្រទេសទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការជំរុញពាណិជ្ជកម្មគ្នាទៅវិញទៅមក និងកំពុងសហការគ្នាក្នុងវិស័យកម្ចី និងហិរញ្ញវត្ថុ ដូចដែលបានលើកឡើងដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន៕