ការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីធ្លាក់ចុះខ្លាំងជាលើកដំបូងរយៈពេលជិតពីរឆ្នាំ នៅខែកុម្ភ:

អន្តរជាតិ

យោងតាមទីភ្នាក់ងារវិភាគរុស្ស៊ី Autostat បាននិយាយនៅថ្ងៃទី៦ ខែកុម្ភ:នេះថា ការលក់រថយន្តដឹកអ្នកដំណើរថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី បានធ្លាក់ចុះរហូតដល់ទៅ ២៤,៩% នៅក្នុងខែកុម្ភ: ដែលជាការធ្លាក់ចុះជាលើកដំបូងបំផុតមិនធ្លាប់មាននៃការលក់ប្រចាំខែ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា នៅមុនខែកុម្ភ: ការលក់រថយន្តនៅរុស្ស៊ីបានកើនឡើងក្នុងរយៈពេល ២២ខែជាប់ៗគ្នា ដែលជាការស្ទុះងើបឡើងវិញ បន្ទាប់ពីភាពច្របូកច្របល់នៅក្នុងទីផ្សារ ក្នុងឆ្នាំ២០២២ ដោយសារសង្គ្រាមនៅអ៊ុយក្រែន និងការចាកចេញរបស់ក្រុមហ៊ុនផលិតរថយន្តលោកខាងលិចធំៗ ដូចជា Renault និង Volkswagen ជាដើម។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថាការលក់រថយន្តនៅរុស្ស៊ីហាក់ទទួលបានកំណើនមកវិញខ្លះ ចំពេលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន បានដណ្តើមយកច្រើនជាងពាក់កណ្តាលនៃទីផ្សាររថយន្តសរុបរបស់ប្រទេសរុស្ស៊ី ទាក់ទងនឹងការលក់ បើធៀបទៅនឹងចំណែកត្រឹមតែ ១០% កាលពីមុនមានសង្គ្រាម។

ជម្រាបជូនផងដែរថា ម៉ាកយីហោរថយន្តរបស់ចិន បានកាន់កាប់នៅក្នុងចំណាត់ថ្នាក់កំពូលៗទាំង១០ នៃរថយន្តដែលលក់ដាច់ជាងគេបំផុត នៅក្នុងប្រទេសរុស្ស៊ី។ ក្នុងចំណោមនោះ Avtovaz ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់រុស្ស៊ី បានប្រកាសពីការលក់រថយន្តសរុបរបស់ខ្លួនចំនួនជាង ២៤ ០០០ គ្រឿងក្នុងខែកុម្ភៈ ពោលគឺបានធ្លាក់ចុះជាង ១៤% ធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕