ឥណ្ឌា មើលឃើញចំនួនមហាសេដ្ឋីកើនឡើង ២៦ នាក់បន្ថែម ក្នុងរយ:ពេលមួយឆ្នាំ

អន្តរជាតិ

ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថាឲ្យដឹងថា បានបន្ថែមមហាសេដ្ឋីចំនួន ២៦ នាក់ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ដែលនាំឲ្យចំនួនមហសេដ្ឋីសរុបនៅក្នុងប្រទេសកើនឡើងដល់ជិត ២០០ នាក់ ជាមួយនឹងទ្រព្យសម្បត្តិសរុបរួមបញ្ចូលគ្នាប្រមាណ ៩៥០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន India Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមប្រឹក្សាយោបល់ឈានមុខគេរបស់ពិភពលោក Knight Frank ដែលមានមូលដ្ឋាននៅចក្រអង់គ្លេស បានចេញផ្សាយពីរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៥ របស់ខ្លួន ដោយនិយាយថាចំនួនមហាសេដ្ឋីនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៩ ប្រទេសនេះមានមហាសេដ្ឋីត្រឹមតែ ៧នាក់ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានកើនដល់ចំនួន ១៩១ នាក់ ក្នុងឆ្នាំ២០២៤។

យ៉ាងណាមិញ កាលពីឆ្នាំមុន ប្រទេសឥណ្ឌា បានបន្ថែមមហាសេដ្ឋីចំនួន ២៦ នាក់ ពោលគឺបានកើនឡើង ១២% ធៀបនឹងឆ្នាំ២០២៣។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីឥណ្ឌា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩៥០ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទីបី បន្ទាប់ពីសហរដ្ឋអាមេរិក (មានចំនួន ៥,៧ទ្រីលានដុល្លារ) និងប្រទេសចិន (១,៣ទ្រីលានដុល្លារ)។

ជម្រាបជូនផងដែរថា បើតាម Knight Frank បានបង្ហាញឲ្យដឹងថា ជុំវិញការកើនឡើងនេះ ហាក់បានបង្ហាញពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងដ៏រឹងមាំរបស់ប្រទេសឥណ្ឌា។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា ឥណ្ឌា គឺជាប្រទេសដែលមាន ៣,៧% នៃអ្នកមានលើពិភពលោក ជាមួយនឹងចំនួនមហាសេដ្ឋីដែលមានទ្រព្យជាង ១០លានដុល្លារ (HNWI) ច្រើនជាងគេទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងជប៉ុន៕