នៅត្រឹមរយ:ពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីផែនការពន្ធគយនាំចូលថ្មីរបស់ប្រធានាធិបតីអាមេរិក ត្រូវបានចូលជាធរមានមក ឥឡូវនេះ លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសសារជាថ្មីម្តងទៀត ជុំវិញការពន្យារពេលយកពន្ធគយទៅលើផលិតផលជាច្រើនពីប្រទេសកាណាដា និងម៉ិកស៊ិក ជាលើកទីពីរ ក្រោយផ្អាកអស់រយ:ពេលមួយខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
កាលពីថ្ងៃទី៦ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើឯកសារពន្យារពេលពន្ធគយរយៈពេលជិតមួយខែសារជាថ្មីទៅលើផលិតផលពីម៉ិកស៊ិក និងកាណាដា ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។ យោងតាមកិច្ចព្រមព្រៀងនេះ មានន័យថាទំនិញភាគច្រើនមកពីប្រទេសទាំងពីរនេះ នឹងត្រូវបានលើកលែងពីពន្ធ ២៥% រហូតដល់ថ្ងៃទី២ ខែមេសា។
គួរឲ្យដឹងផងដែរថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បាននិយាយគ្នាជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ស្របពេលរដ្ឋមន្ត្រីកាណាដា ក៏បានជួបពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ផងដែរ។
ជាមួយគ្នានេះ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖”បន្ទាប់ពីបាននិយាយជាមួយប្រធានាធិបតី លោកស្រី ក្លាឌីអា សៀនបាម (Claudia Sheinbaum) នៃប្រទេសម៉ិកស៊ិកមក ខ្ញុំបានយល់ព្រមថាម៉ិកស៊ិកនឹងមិនបង់ពន្ធលើផលិតផលទាំងអស់របស់ពួកគេនោះឡើយ ដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀង USMCA”។
ដំបូងឡើយ លោក ត្រាំ បានលើកឡើងពីការលើកលែងអនុវត្តពន្ធ ២៥% តែលើទំនិញម៉ិកស៊ិកប៉ុណ្ណោះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយមក ការកែសម្រួលបទបញ្ជាដែលលោកបានចុះហត្ថលេខានារសៀលថ្ងៃដដែលនោះ ក៏គ្របដណ្តប់លើទំនិញរបស់កាណាដា ផងដែរ។
ទន្ទឹមនឹងនេះ យោងតាមមន្ត្រីសេតវិមាន បានប្រាប់អ្នកយកព័ត៌មានថា មានតែប្រហែល ៥០% នៃទំនិញនាំចូលពីម៉ិកស៊ិក និង ៣៦% នៃទំនិញនាំចូលពីកាណាដា ត្រូវបានស្ថិតនៅក្រោមកិច្ចព្រមព្រៀង USMCA នេះ៕