ថៃ គ្រោងពិភាក្សាជាមួយឥណ្ឌា និងវៀតណាម ដើម្បីជួយទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​លោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃទី៦ ខែមីនាកន្លងទៅថា ប្រទេសថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា និងវៀតណាម ដើម្បី​រិះ​រកមធ្យោបាយក្នុងការជួយដោះស្រាយការធ្លាក់នៃថ្លៃស្រូវអង្ករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pichai បាននិយាយប្រាប់ទៅកាន់សភាថា ប្រទេសថៃកំពុងពិភាក្សាជាមួយប្រទេសទាំងពីរដើម្បីកាត់បន្ថយការប្រកួតប្រជែង ដោយសង្ឃឹមថានឹងបង្កើតតុល្យភាពតម្លៃស្រូវ នៅក្នុងទីផ្សារពិភពលោក និងជួយកសិករមានប្រាក់ចំណូលប្រកបដោយស្ថិរភាព។

ទន្ទឹមនឹងនេះ លោក Pichai បានមានប្រសាសន៍អំពីកិច្ចពិភាក្សាជាមួយប្រទេសឥណ្ឌា និងវៀតណាមថា ៖”យើងបានពិភាក្សាគ្នារួចហើយ ប៉ុន្តែយើងកំពុងរង់ចាំកិច្ចប្រជុំមួយផ្សេងទៀត ដើម្បីមើលថាតើយើងអាចធ្វើអ្វីបានខ្លះអំពីរឿងនេះ”។

គួរឲ្យដឹងថា តម្លៃស្រូវជាមធ្យមនៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣០% ក្នុងអត្រាប្រចាំឆ្នាំ មកនៅប្រហែល ៨ ៦០០បាតក្នុងមួយតោន កាលពីខែមុន ខណ:ពេលដែលកសិករ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​លក់​ស្រូវ​របស់ពួកគេឲ្យ​បាន​តម្លៃ​ខ្ពស់។ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មថៃ។

ជម្រាបជូនផងដែរថា ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២ របស់ពិភពលោក ទំនងជានឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការនាំចេញអង្កររបស់ខ្លួន ដោយសារតែប្រទេសឥណ្ឌា បានសម្រេចបើកការនាំចេញអង្កររបស់ខ្លួនឡើងវិញ ក្រោយពីផ្អាកអស់រយ:ពេលជាយូរ។ ជុំវិញបញ្ហានេះ យោងតាមការក្រសួង បង្ហាញឲ្យដឹងថាការនាំចេញអង្កររបបស់ថៃ អាចនឹងធ្លាក់ចុះ ២៤% មកនៅត្រឹមចំនួន ៧,៥លានតោននៅឆ្នាំនេះ៕