លោក Zelensky ថាអាមេរិក នឹងចរចាជាមួយអ៊ុយក្រែនម្តងទៀត នៅអារ៉ាប៊ីសាអូឌីត នាសប្តាហ៍ក្រោយ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថារដ្ឋាភិបាលទីក្រុងគៀវ និងវ៉ាស៊ីនតោន នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចរចាបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នាសប្តាហ៍ក្រោយខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតី លោក Zelensky បាននិយាយកាលពីថ្ងៃទី៦ ខែមីនាថា ៖”ខ្ញុំនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១០ ខែមីនា ហើយនឹងជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុង Riyadh ។ ក្រុមមន្ត្រីរបស់ខ្ញុំនឹងស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការជាមួយដៃគូអាមេរិករបស់យើង។ អ្វីយើងផ្តោតអារម្មណ៍ខ្លាំងបំផុតគឺចំពោះសន្តិភាព” ។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីភាពតានតឹងរវាងលោក Zelensky និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ដូចជាអនុប្រធានាធិបតីលោក JD Vance ជុំវិញការប៉ះ​ទង្គិច​ពាក្យសម្តីគ្នា នៅឯសេតវិមានកាលពីសប្តាហ៍មុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Zelensky ក្រោយមកបានសម្តែងការសោកស្តាយចំពោះហេតុការណ៍នេះ ហើយបានអះអាងថា វាដល់ពេលហើយដែលត្រូវស្តារទំនាក់ទំនងនេះឡើយវិញ។

យ៉ាងណាមិញ លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីតំណាងឲ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រាប់ការចរចានេះ។

លោក Witkoff បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃទី៦ ខែមីនាថា ៖”យើងកំពុងពិភាក្សាអំពីការសម្របសម្រួលទៅលើកិច្ចប្រជុំជាមួយអ៊ុយក្រែន នៅទីក្រុង Riyadh ឬអាចជាទីក្រុង Jeddah” ។

ទន្ទឹមនឹងនេះ លោក Witkoff បាននិយាយបន្ថែមទៀតថា កិច្ចប្រជុំនេះ នឹងត្រូវរៀបចំឡើង បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិកមានទំនុកចិត្តថា នៅទីបំផុតអ៊ុយក្រែន កំពុងត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត នៅក្នុងកិច្ចចរចាសន្តិភាព។

“ប្រធានាធិបតី Zelensky បានផ្ញើលិខិតមួយទៅប្រធានាធិបតីលោក ត្រាំ។ ខ្ញុំអាចដឹងថាប្រធានាធិបតី ត្រាំ គិតថាវាជាជំហានដំបូងដ៏ល្អ និងវិជ្ជមាន។ អ៊ុយក្រែន​បាន​សុំ​ទោស និង​ទទួល​ស្គាល់​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​កិច្ចការងារជាច្រើនច្រើន​សម្រាប់​ពួកគេ និង​បាន​សម្តែង​ការ​ដឹង​គុណជាពិសេស”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Witkoff៕