ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកកំពុងពិចារណាលើការដាក់ទណ្ឌទ្រង់ទ្រាយធំបំផុតមួយទៅលើរុស្ស៊ី ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ដោយប្រកាសនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៧ ខែមីនាកន្លងទៅ ប្រធានាធិបតី លោក ត្រាំ បាននិយាយថា ៖” ដោយផ្អែកលើការពិតដែលថារុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងខ្លាំងក្លានៅលើសមរភូមិ ខ្ញុំកំពុងពិចារណាយ៉ាងម៉ត់ចត់ជាទីបំផុត អំពីការដាក់ទណ្ឌកម្មផ្នែកធនាគារ ការហាមឃាត់លើសកម្មភាពពាណិជ្ជកម្ម និងការយកពន្ធលើប្រទេសរុស្ស៊ីរហូតអាចឈានដល់មានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពចុងមួយដែឡត្រូវបានសម្រេច”។
ទន្ទឹមនឹងនេះ លោក Trump បានថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖”ចំពោះរុស្ស៊ី និងអ៊ុយក្រែន សូមចូលមកតុចរចាជាបន្ទាន់ មុនពេលវាយឺតពេល”។ ជុំវិញការលើកឡើងបែបនេះ ខាងភាគីរុស្ស៊ី ហាក់មិនទាន់មានការធ្វើអត្ថាធិប្បាយអ្វីនៅឡើយនោះទេ។
គួរឲ្យដឹងផងដែរថា ចំពោះសេចក្តីការថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក ត្រាំ នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើទឹកដីអ៊ុយក្រែន ដែលបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រភពថាមពល និងឧស្ម័ន។
យ៉ាងណាមិញការគំរាមកំហែងរបស់លោក ត្រាំ នេះ ត្រូវបានចាត់ទុកថាជាទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះថាវាបានកើតឡើងចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីហាក់មានភាពស្អិតរមួត នៅក្នុងពេលថ្មីៗនេះ។
ជម្រាបជូនថា ប្រធានាធិបតីលោក ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយភាគីរុស្ស៊ី លោក ពូទីន កាលពីខែមុន ដែលជាកិច្ចខិតខំប្រឹងប្រែងលើកដំបូងឆ្ពោះទៅរកការធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតា និងដកទណ្ឌកម្មដែលដាក់លើរដ្ឋាភិបាលទីក្រុងមូស្គូក្រោមការគ្រប់គ្រងពីមុន។ ចំពោះទង្វើនេះ បានធ្វើឲ្យសម្ព័ន្ធមិត្តនយោបាយក្នុងស្រុក និងគូប្រជែង រិះគន់លោក ត្រាំ យ៉ាងខ្លាំង ហើយបានចោទប្រកាន់ប្រធានាធិបតីអាមេរិកថាជាដៃគូជាមួយរុស្ស៊ី ថែមទៀតផង៕